អេត្យូពី៖ មន្ត្រីសុខាភិបាលបានអោយដឹងថា ការវាយប្រហារតាមអាកាសមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣ នាក់ នៅទីប្រជុំជន Togoga ក្នុងតំបន់ Tigray ប្រទេសអេត្យូពី (Ethiopia) នៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្នកស្រុកនិយាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅប៉ុន្មានថ្ងៃថ្មីៗនេះ នៅភាគខាងជើងនៃតំបន់ Mekelle ។
អ្នកនាំពាក្យយោធា របស់ប្រទេសអេត្យូពី លោក Getnet Adane មិនបានបញ្ជាក់ ឬក៏បដិសេធចំពោះឧប្បត្តិហេតុនេះទេ។ លោកបាននិយាយថា ការវាយប្រហារតាមអាកាសគឺ ជាយុទ្ធសាស្ត្រយោធាជាទូទៅ ហើយថាកងកម្លាំងរដ្ឋាភិបាលមិនផ្តោតគោលដៅលើជនស៊ីវិលទេ។
តួយ៉ាង គ្រាប់បែកបានវាយប្រហារផ្សារមួយនៅម៉ោងប្រហែលជា ១ រសៀល នេះបើយោងតាមសម្តីរបស់ស្ត្រីម្នាក់ដែលបាននិយាយប្រាប់ថា ប្តីនិងកូនស្រីអាយុ ២ ឆ្នាំ របស់គាត់ បានរងរបួស ក្នុងហេតុការណ៍នេះ។
គាត់បានប្រាប់ទៀតថា “យើងមិនបានឃើញយន្តហោះនោះទេ ប៉ុន្តែយើងបានលឺវា។ នៅពេលការផ្ទុះបានកើតឡើង មនុស្សគ្រប់គ្នាបានរត់ចេញ។ បន្ទាប់ពីរយៈពេលមួយម៉ោង យើងបានត្រឡប់មកវិញ ហើយបានព្យាយាមជួសលើកអ្នករបួស។ ផ្សារនេះពោរពេញទៅដោយក្រុមគ្រួសារ ហើយគាត់មិនឃើញមានកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់នោះទេ”។ “មនុស្សជាច្រើន” ត្រូវបានសម្លាប់ គាត់បានប្រាប់បញ្ជាក់។
ជាមួយគ្នានេះ មន្រ្តីសុខាភិបាលបានក៏បញ្ជាក់ថា យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន ៤៣ នាក់ ដោយសំអាងលើសាក្សី និងអ្នកឆ្លើយតបដំបូង។
យ៉ាងណាមិញ្ អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តី Abiy Ahmed និងជាប្រធានក្រុមការងាររដ្ឋាភិបាលនៅ Tigray មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ផ្អែកលើហេតុការណ៍ដែលបានកើតឡើងនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានការព្រួយបារម្ភពីរបាយការណ៍នៃការស្លាប់របស់ជនស៊ីវិលនៅក្នុងការវាយប្រហារទីផ្សារ និងបានជំរុញឱ្យអាជ្ញាធរប្រទេសអេត្យូពី ធានាបាននូវការព្យាបាលពេញលេញសម្រាប់ជនរងគ្រោះទាំងអស់។
ចំណែកឯ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric ក៏បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា អគ្គលេខាធិការអង្គការសហប្រជាជាតិរបស់សហរដ្ឋអាមេរិក លោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងពីរបាយការណ៍អំពីជនស៊ីវិលទាំងអស់ផងដែរ។
គួររំលឹកថា ការវាយប្រហារតាមអាកាសបានកើតឡើងនៅពេលដែលមន្ត្រីអេត្យូពី រាប់សន្លឹកឆ្នោតពីការបោះឆ្នោតសភាជាតិនិងថ្នាក់តំបន់ដែលធ្វើឡើងនៅសប្តាហ៍នេះ នៅក្នុងតំបន់ចំនួន ៧ នៃតំបន់ទាំង ១០ របស់ប្រទេសនេះ។ NR