វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកគ្រោងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥០០ លានដូស បន្ថែមទៀត ដែលផលិតដោយក្រុមហ៊ុន Pfizer Inc (PFE.N) និងBioNTech SE ដល់ប្រទេសនៅជុំវិញពិភពលោក ដោយបង្កើនចំនួនសរុបដែលប្រទេសនេះចែករំលែកដល់ជាង ១ ពាន់លានដូស។ នេះបើយោងតាមប្រភពដែលបានដឹងពីផែនការនេះ។ 

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងរៀបចំកិច្ចប្រជុំកំពូលតាមប្រព័ន្ធអ៊ីនធឺណេតស្តីពីជំងឺកូវីដ ១៩ នៅថ្ងៃពុធ ហើយទំនងជាប្រកាសការសន្យាថ្មីនៅពេលនោះ។

ជាក់ស្តែង នៅព្រឹកថ្ងៃអង្គារនេះ លោក បៃដិន បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ជាង ១៥ ពាន់លានដុល្លារ ដល់ការឆ្លើយតបជាសកលចំពោះជំងឺកូវីដ ១៩ ដើម្បីផ្តល់ជាមូលនិធិដល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ១៦០ លានដូស នៅក្នុងប្រទេសផ្សេងទៀត។

យ៉ាងណាម៉ិញ សហរដ្ឋអាមេរិកបានទិញវ៉ាក់សាំង Pfizer/BioNTech ចំនួន ៥០០ លានដូសរួចហើយ ហើយបានបរិច្ចាគវាតាមរយៈវេទិកាចែករំលែកវ៉ាក់សាំងសកល COVAX ។ ហើយវ៉ាក់សាំងបានទៅដល់ប្រទេសចំនួន ១០០ រួចមកហើយដែរ។ លោក បៃដិន បាននិយាយថា លោកនឹងប្រកាសពីការប្តេជ្ញាចិត្តបន្ថែមនៅថ្ងៃពុធ នៅឯកិច្ចប្រជុំកំពូលសកលើបញ្ហាជំងឺកូវីដ ១៩ ដែលរៀបចំដោយសហរដ្ឋអាមេរិក។

គួររំលឹកថា សហរដ្ឋអាមេរិកកំពុងជំរុញមេដឹកនាំពិភពលោកឱ្យគាំទ្រដល់គោលដៅរបស់ខ្លួនក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ ១៩ រួមទាំងការធានាឱ្យប្រជាជន ៧០% នៃពិភពលោកត្រូវបានចាក់វ៉ាក់សាំងនៅឆ្នាំ ២០២២។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ