បរទេស៖ អង្គការសុខភាពពិភពលោក (ហៅកាត់ WHO) បាននិយាយកាលពីថ្ងៃពុធថា ជំងឺកូវីដ ១៩ នៅតែជាភាពអាសន្នលើសុខភាពជាសាកល ដោយរយៈពេលជិត ៣ ឆ្នាំ បន្ទាប់ពីវាត្រូវបានប្រកាសជាលើកដំបូង។

គណៈកម្មាធិការផ្នែកគ្រោះអាសន្នរបស់ WHO បានធ្វើសេចក្តីប្រកាសជាលើកដំបូងសម្រាប់ ជំងឺកូវីដ ១៩ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០។ ការប្តេជ្ញាចិត្តប្រកាសបែបនេះជាកត្តាអាចជួយពន្លឿនការស្រាវជ្រាវ ការផ្តល់មូលនិធិ និងវិធានការសុខភាពសាធារណៈអន្តរជាតិដើម្បីទប់ស្កាត់ជំងឺ។

ជាមួយគ្នានេះដែរ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងប៉ុន្មានខែថ្មីៗនេះថា ខណៈពេលដែលករណីឆ្លងកំពុងធ្លាក់ចុះនៅក្នុងផ្នែកខ្លះនៃពិភពលោក ប្រទេសនានានៅតែត្រូវរក្សាការប្រុងប្រយ័ត្នរបស់ពួកគេ និងជំរុញឱ្យទទួលបានវ៉ាក់សាំងសម្រាប់ប្រជាជនដែលងាយរងគ្រោះបំផុតរបស់ពួកគេ។

យ៉ាងណាម៉ិញ គណៈកម្មាធិការរបស់ WHO ក៏បាននិយាយថា "ទោះបីជាការយល់ឃើញជាសាធារណៈគឺថាជំងឺរាតត្បាតបានចប់នៅក្នុងផ្នែកខ្លះនៃពិភពលោកក៏ដោយ វានៅតែជាព្រឹត្តិការណ៍សុខភាពសាធារណៈដែលបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សុខភាពរបស់ប្រជាជនពិភពលោក"។

ជាងនេះទៅទៀតគេក៏បានកត់សម្គាល់ថា ទោះបីជាចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍គឺទាបបំផុតចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមក៏ដោយ ក៏វានៅតែមានកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងវីរុសដទៃផ្សេងទៀតដែរ។

សូបជម្រាបថា អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានផងដែរថា "ជំងឺរាតត្បាតនេះបានធ្វើឱ្យយើងភ្ញាក់ផ្អើលពីមុន ហើយអាចកើតឡើងម្តងទៀត" ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ