យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃពុធម្សិលមិញ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើនឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១១ វិច្ឆិកា ២០២១។

សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបញ្ជាក់ថា សមាជិកនៃក្រុមប្រឹក្សាសន្តិសុខពិតជាមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះអំពើហិង្សាដែលនឹងអាចកើនឡើងបន្ថែមទៀតនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ យើងបានអំពាវនាវអោយបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងធានាសុវត្ថិភាពដល់ជនស៊ីវិលទាំងឡាយ។

ក្រៅពីការជំរុញអោយបិទបញ្ចប់អំពើហិង្សា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក៏បានជំរុញបន្ថែមទៀតផងដែរ អោយគ្រប់ភាគីនៅមីយ៉ាន់ម៉ារៀបចំកិច្ចសន្ទនា និងផ្សះផ្សាគ្នាឡើងវិញ ដើម្បីជាផលប្រយោជន៍នៃប្រជាជនមីយ៉ាន់ម៉ាទាំងអស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ