អន្តរជាតិ៖ អ្នកការទូតសហរដ្ឋអាមេរិកនិយាយថា អាមេរិកមានការព្រួយបារម្ភពីបញ្ហាលំហូរនៃជនអន្តោប្រវេសន៍មជ្ឈឹមបូព៌ា និងអាហ្វ្រិក ពីប្រទេសបេឡារុស ទៅលីទុយអានី។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក George Kent បាននិយាយប្រាប់សារព័ត៌មានអនឡាញរបស់លីទុយអានី15min.lt ចុះផ្សាយថា៖ «យើងកំពុងឃ្លាំមើលវាយ៉ាងជិតដិត និងព្រួយបារម្ភ ហើយនេះជាអ្វីដែលយើងអំពាវនាវឱ្យអាជ្ញាធរបេឡារុសបញ្ឈប់ការរុញច្រានជនអន្តោប្រវេសន៍មកពីប្រទេសដទៃទៀតទៅព្រំដែនលីទុយអានីដោយចេតនា»។
លោកថា សម្ពាធនៃបញ្ហានេះ អាចប្រៀបធៀបទៅនឹងលំហូរជនអន្តោប្រវេសន៍ពីប្រទេសរុស្ស៊ី ទៅហ្វាំងឡង់ និងន័រវែសក្នុងឆ្នាំ ២០១៥ បាន។
រដ្ឋសមាជិកនៃសហភាពអឺរ៉ុបលីទុយអានី កាលពីសប្ដាហ៍មុនបានចោទប្រកាន់បេឡារុស ថាបានអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ក្នុងទឹកដីរបស់ខ្លួនតាមរយៈជើងហោះហើរ ហើយបានចាប់ផ្តើមសាងសង់រនាំងលួសឡាមប្រវែង ៥៥០ គីឡូម៉ែត្រនៅតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយប្រទេសនេះ។
យ៉ាងណាមិញ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ធ្លាប់បាននិយាយកាលពីខែឧសភាថា ប្រទេសរបស់លោក នឹងមិនរារាំងជនចំណាកស្រុកពីការឆ្លងកាត់ព្រំដែនភាគខាងលិចរបស់ខ្លួនចូលសហភាពអឺរ៉ុបទៀតទេ។