ក្រុមឧទ្ទាមតាលីបង់ធ្វើការព្រមានប្រទេសជិតខាងក្នុងការអនុញ្ញាតិអោយយោធារបស់សហរដ្ឋអាមេរិកតាំងមូលដ្ឋាន បន្ទាប់ពីបានដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន
អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់នៃអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ បានព្រមានប្រទេសជិតខាងប្រឆាំងនឹងការអនុញ្ញាតិឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ទឹកដីរបស់ពួកគេ សម្រាប់ប្រតិបត្តិការនៅក្នុងប្រទេស បន្ទាប់ពីពួកគេបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។
នៅពេលដែលកម្លាំងបរទេសដកកងទ័ពតាមការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី ១១ ខែកញ្ញា អ្នកជំនាញនិងអ្នកការទូតបានប៉ាន់ស្មានថា តួនាទីនាពេលអនាគតរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់អាចរួមបញ្ចូលមូលដ្ឋាននៅក្នុងប្រទេសជិតខាង ជាពិសេស ប្រទេសប៉ាគីស្ថាន។
ជាមួយគ្នានេះ ក្រុមឧទ្ទាមបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ប្រសិនបើជំហាននេះត្រូវបានអនុវត្ត នោះការទទួលខុសត្រូវសម្រាប់សំណាងអាក្រក់និងការលំបាកទាំងអស់ គឺអាស្រ័យលើអ្នកដែលបានប្រព្រឹត្តកំហុសបែបនេះ"។
មន្ត្រីសហរដ្ឋអាមេរិកបាននិយាយជាលក្ខណៈឯកជនថា ពួកគេកំពុងស្វែងរកជម្រើសមូលដ្ឋានដែលមានសក្តានុពលនៅក្នុងបណ្តាប្រទេសនៅក្បែរអាហ្វហ្គានីស្ថានដូចជា តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយពួកគេណាមួយទេ។
នៅពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏មានការជជែកវែកញែកគ្នារវាងមន្រ្តីជាន់ខ្ពស់ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក រួមទាំងកិច្ចប្រជុំរវាងទីប្រឹក្សាសន្តិសុខជាតិរបស់បៃឌិន លោក Jake Sullivan និងសមភាគីប៉ាគីស្ថាន ផងដែរ។
គួររំលឹកថា ប្រទេសប៉ាគីស្ថានមានព្រំដែនជាប់ជាមួយប្រទេសអាហ្វហ្គានីស្ថាន ដែលមានទីតាំងនៅតាមតំបន់ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង នៅភាគខាងត្បូងនិងភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលក្រុមឧទ្ទាមតាលីបង់មានវត្តមានយ៉ាងច្រើន។ NR