អគ្គស្នងការ នគរបាលជាតិ ស្នើឲ្យ ក្រសួងសាធារណការ ពិនិត្យឡើងវិញ អំពី ការបំពាក់ផ្លាកលេខ យានយន្ដកែច្នៃ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា អគ្គស្នង ការនគរបាលជាតិ ស្នើឲ្យ ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យឡើងវិញ ចំពោះបញ្ហា បំពាក់ផ្លាកលេខយានយន្ដកែច្នៃ ហើយនគរបាល ក៏មិនទាន់អនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ ចំពោះយានយន្ដកែច្នៃ ផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការ ពង្រឹងការ អនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ឹម យ៉ាន បានបញ្ជាក់ថា ការងារអនុវត្តរឹតបន្ដឹង ច្បាប់ចរាចរណ៍ គឺត្រូវបង្កើនយ៉ាងខ្លាំងក្លាបន្ថែមទៀត រហូតឲ្យដល់សម្រេចបាននូវការកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោក មានប្រសាសន៍ថា «ក្នុងកិច្ចប្រជុំសុវត្ថិភាពចរាចរណ៍ផ្លូវគោក យើងបានស្នើឲ្យក្រសួង សាធារណការ និងដឹកជញ្ជូន ពិនិត្យឡើងវិញនូវ អំពីការបំពាក់ផ្លាកលេខ លើយានយន្ដកែច្នៃ ។ពីព្រោះកន្លងទៅនេះ យានយន្ដកែច្នៃមិនទាន់មានផ្លាកលេខទេ ដូច្នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកនឹងពិនិត្យ សិក្សាឡើងវិញ អំពី ចំណុចនេះ ហើយលោកនឹងតបវិញ នៅ ពេលក្រោយ»។
លោកបន្ដថា «ហើយយើងមិនទាន់អនុវត្តរឹតបន្ដឹងទៅលើគាត់ទេ យើងទុកពេលឲ្យ ក្រសួងសាធារណការ បន្ដការសិក្សាជាមុនសិន។ហើយការមិនទាន់អនុវត្តនេះ សម្រាប់តែប្រភេទយាន យន្ដកែច្នៃ ដឹកកសិផលរបស់ប្រជាពលរដ្ឋ»។
លោករំលឹកថា នគរបាលមិនឃាត់នូវយានយន្ដណា មានលក្ខណៈត្រឹមត្រូវ ហើយនគរបាល ឃាត់តែយានណា ល្មើសច្បាប់ចរាចរណ៍។លោកថា ក្នុងពេលរយៈពេលនៃ ការរឹតបន្ដឹងច្បាប់ ចរាចរណ៍ នាពេលកន្លងទៅនេះ ក៏មាននគរបាលមួយចំនួន បានធ្វើការងារល្មើសច្បាប់ ដែលនាំឲ្យមានបញ្ហាជាមួយប្រជាពលរដ្ឋ ហើយអគ្គស្នងការនគរបាលជាតិ ក៏បានផ្អាកការងារ ចំពោះនគរបាលទាំងនោះ ផងដែរ។
លោកបន្ថែមថា ក្នុងរយៈពេល នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ ចំនួន១០ថ្ងៃនេះ មិនមានប្រជា ពលរដ្ឋណាមួយមកដាក់ពាក្យបណ្ដឹង នគរបាល ចរាចរណ៍ឡើយ។ លោកស្នើឲ្យប្រជាពលរដ្ឋ បន្ដចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា។
ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ ក៏បា ន ធ្វើ ការណែនាំចំពោះនគរបាល ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយនៅពេលធ្វើ ដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ដាក់ខ្សែរក្រវ៉ាត់ ជាដើម ព្រោះ នគរបាល ជាគំរូ ទៅដល់ប្រជាពលរដ្ឋ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «(យើង) ណែនាំ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ដល់នាយដ្ឋាន ជំនាញ ដល់កម្លាំងនគរបាល ទូទាំងប្រទេស គឺជូនសារទៅគាត់ ចាប់ពេលនេះទៅ គឺអគ្គស្នង ការដ្ឋាននគរបាលជាតិ នឹងអនុវត្តច្បាប់ យ៉ាងរឹតរឹង ជាគំរូចំពោះមន្ដ្រីនគរបាល ដូចប្រជា ពលរដ្ឋ ឬក៏លើសប្រជាពលរដ្ឋ»។
សូមរំលឹកថា យោងតាមរបាយការណ៍ ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ បានឲ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោកមានយានយន្ត ចំនួន ១៨.៤៥០ គ្រឿង ល្មើសច្បាប់ ស្មើនឹង ១៩.១៦០ ករណី ត្រូវ បាន ផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស៕ E B