សម្តេចតេជោ៖ពលរដ្ឋអាចសែនទទួលទេវតាឆ្នាំថ្មី ប៉ុន្ដែការប្រមូលផ្ដុំ កន្លែងសាធារណៈ វត្តអារាមត្រូវបានផ្អាក
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន ចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ ទូទាំងប្រទេស ត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដេីម្បីចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹក ថ្ងៃ ទី ១២ ខែមេសា ឆ្នាំ ២០២០ ថា "ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនឹងមកដល់ នៅថ្ងៃទី ១៣-១៦ មេសា ស្អែកនេះ។ បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន។ ចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេសគឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារប្រទេសយើងកំពុងចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភលោក។ ចំពោះមុខ គឺអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋសំខាន់ខ្លាំងបំផុត"។
សម្ដេចតេជោ បន្ដថា ទន្ទឹមនឹងនេះ គឺមានវិធីចាំបាច់ងាយៗមួយចំនួនដែលពលរដ្ឋអាចធ្វើបានដើម្បីការពាររោគឆ្លងកូវីដ១-៩ គឺត្រូវពាក់ម៉ាស ឬក្រមា, ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី, កុំនៅផ្តុំគ្នាច្រើន, កុំបម្លាស់ប្តូរទីពីកន្លែងមួយទៅកន្លែងមួយក្នុងពេលដែលមានការរីករាលដាលឆ្លងដែលមើលមិនឃើញ ដែលអាចនាំមេរោគទៅគេ ឬពីគេមកមកខ្លួនឯងទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេលស្នាក់អាស្រ័យនៅជាដើម។
សម្ដេចតេជោ រំលឹកថា ដោយសារជំងឺកូវីដ១៩ នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយដែលនឹងសងជូនថ្ងៃឈប់សម្រាក (៥) ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិវិលត្រឡប់មកកាន់ស្ថានភាពធម្មតាគ្មានជំងឺកូវីដ-១៩។
បន្ថែមថា នាយករដ្ឋមន្ត្រី អរគុណមន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងកម្មករដែលចូលរួមប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដោយបន្តធ្វើការងារជាធម្មតានៅក្នុងកំឡុងពេលចូលឆ្នាំនេះ។
នាយករដ្ឋមន្ត្រី ថា "សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២០"៕
ដោយ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ