(មានវីដេអូ) ខុសពីមនុស្សស្រីដទៃដែលគេចង់បានការងារស្រួលៗ ស្រាលៗ តែមនុស្សស្រីម្នាក់នេះបែរជាមកធ្វើការប្រើកម្លាំងដូចមនុស្សប្រុស វាយ បំបែកថ្មរាប់សិបតោន អស់រយៈពេលជាង៤០ឆ្នាំមកហើយ
អ៊ុស្រី គឹម រុំ បានសម្រេចប្រកបរបរដំថ្មចិញ្ចឹមជីវិត និងរ៉ាប់រងគ្រួសារ ដែលមានកូនប្រុសស្រី៥ នាក់នៅក្នុងបន្ទុក។ ដែលមានវ័យ៦៥ឆ្នាំ អ៊ុស្រី គឹម រុំ បច្ចុប្បន្នរស់នៅភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចាប់តាំងពីឆ្នាំ ១៩៨០ រហូតមកទល់បច្ចុប្បន្ន គឺអស់រយៈពេល ៤០ ឆ្នាំមកហើយ ដែលអ៊ុស្រីបានប្រកបរបរដំថ្មនេះ។ បន្ទាប់ពីប្តីរបស់អ៊ុស្រីបានទទួលមរណភាព នៅឆ្នាំ១៩៩៣ មក អ៊ុស្រីត្រូវដើរតួនាទីជាម្តាយផង និងជាឪពុកផងដើម្បីរកប្រាក់ ចិញ្ចឹមកូន៥នាក់ឲ្យបានរៀនសូត្រចប់ចុងចប់ដើម។
ធ្លាក់ខ្លួនពិការភ្នែកម្ខាង ដោយសារតែខ្ទាតថ្មត្រូវ ពេលអ៊ុស្រី មិនបានប្រយ័ត្ន តែអ៊ុស្រី គឹម រុំ នៅតែតស៊ូ ជម្នះ ក្រោមកម្តៅថ្ងៃ វាយបំបែកថ្ម ដែលមានទម្ងន់ធ្ងន់ រាប់សិបគីឡូ ព្រោះបើមិនធ្វើបែបនេះទេ គ្រួសារនឹងត្រូវពិបាកមិនខាន។ នៅក្នុងមួយថ្ងៃ អ៊ុស្រីអាចបំបែកបានមួយទៅពីរប៉ែលប៉ុណ្ណោះ ហើយបានលុយត្រឹមតែ ៨០០០ទៅ ១៦០០០រៀលប៉ុណ្ណោះ។
មុខរបរដំថ្ម របស់អ៊ុស្រី គឹម រុំ ត្រូវបានគេមើលឃើញថា ពោរពេញដោយហានិភ័យ និងគ្រោះថ្នាក់បំផុត ព្រោះពេលខ្លះ អាចនឹងមានថ្មធំៗ ធ្លាក់សង្គត់លើយើងបាន នៅពេលដែលយើងគាស់ យកថ្មចេញពីភ្នំ៕