បរទេស៖ ប្រទេសកូរ៉េខាងត្បូង នឹងចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដល់ពលរដ្ឋរបស់ខ្លួន ដែលមានហានីភ័យខ្ពស់ និងអាចឆ្លងជំងឺកូវីដ១៩នោះ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូងលោក Kim Boo-kyum កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

លោក Kim Boo-kyum បានគូសបញ្ជាក់ថា បុគ្គលិកសុខាភិបាល និងមនុស្សចាស់ គឺជាក្រុមដែលចាត់ទុកថា មានហានីភ័យខ្ពស់។ ទីភ្នាក់ងារបង្ការ និងគ្រប់គ្រងជំងឺកូរ៉េខាងត្បូង ត្រូវគេរពឹងថា នឹងប្រកាសនូវផែនការសម្រាប់យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញនៅថ្ងៃចន្ទ។

ក្នុងករណីដាច់ដោយឡែក សមាជិកទី៤នៃគណៈប្រតិភូប្រទេសប្រេស៊ីលដែលចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ បានធ្វើតេស្តមានជំងឹកូវីដ១៩វិជ្ជមាន។

លោក Pedro Guimaraes និយាយថា លោកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ និងមិនមានរោគសញ្ញាណាមួយឡើយមុនពេលរកឃើញថា បានឆ្លងជំងឺកូវីដ១៩នោះ។ លោក បានធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃពុធសប្តាហ៍មុនមក។

ហាងលក់ដូរទំនិញរាយនៅក្នុងសហរដ្ឋអាមេរិក កំពុងស្វះស្វែងរកអ្នកធ្វើការនៅ ពេលដែលរដូវ ថ្ងៃបុណ្យឈប់សម្រាកខិតកាន់តែមកជិត។ បើតាមសេចក្តីរាយការណ៍របស់កាសែត Financial Times បានប្រាប់ឲ្យដឹងថា «មានការខ្វះមនុស្សដែលចង់ធ្វើការនៅហាងលក់ដូរទំនិញយ៉ាងខ្លាំង» ដោយការងារនៅហាងលក់ដូរទំនិញរាយចំនួន១លាន ១សែន នៅមិនទាន់បានបំពេញនៅក្នុងខែកក្កដា។ កាសែតនោះ បានរាយការណ៍ពីកើនឡើងនូវប្រាក់ឈ្នួលនៅពេលដែលនិយោជកកំពុងព្យាយាមទាក់ទាញមនុស្សឲ្យត្រឡប់ទៅធ្វើការងារវិញ។ ក្រុមហ៊ុនខ្លះ កំពុងផ្តល់ជំនួយហិរញ្ញវត្ថុដោយការផ្តល់ថ្លៃមហាវិទ្យាល័យ និងសមាជិកភាពសម្រាប់ន្លែងហាត់ប្រាណ។

ទិន្ន័យរបស់សាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃចន្ទថា រហូតមកដល់ទល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកប្រមាណជិត ២៣២លាននាក់ ហើយមានមនុស្សជិត៥លាននាក់ បានស្លាប់ដោយសារជំងឺនេះ។ វ៉ាក់សាំងប្រមាណជាង៦ពាន់ លានដូស ត្រូវបានចាក់ទៅលើមនុស្ស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ