ភ្នំពេញ ៖ លោក ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានថ្លែង ថា ក្រុមហ៊ុនអូស្ត្រាលី កំពុងតែសិក្សាលទ្ធភាព វិនិយោគក្នុងខ្សែសង្វាក់ផលិតកម្ម ស្រូវ-អង្ករ នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារអូស្ត្រាលី។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក ប៉ាប្លូ កាំង មានប្រសាសន៍ថា «ក្រុមហ៊ុនអូស្ត្រាលីមួយ ក៏កំពុងតែសិក្សាលទ្ធភាពវិនិយោគ ក្នុងខ្សែសង្វាក់ផលិតកម្ម ស្រូវ-អង្ករ នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ ទៅទីផ្សារអូស្ត្រាលី»។
ជាងនេះទៅទៀត ឯកអគ្គរាជទូតអូស្ត្រាលី បានជម្រាបជូនពីសកម្មភាពមួយចំនួន របស់ រដ្ឋាភិបាលអូស្ត្រាលី ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានា បាននូវលំនឹងសេដ្ឋកិច្ច និងជីវភាពសង្គមដល់ប្រជាពលរដ្ឋដែលរងផលប៉ះ ពាល់ពីការរីក រាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមានការផ្ទេរប្រាក់តាមរយៈក្រុមហ៊ុនវីង (WING) ជូនទៅក្រុមគ្រួសារក្រីក្រ ក៏ដូចជាការផ្ដល់ជូននូវរថយន្តសង្គ្រោះបន្ទាប់ចំនួន ២០ គ្រឿងជូនចំពោះក្រសួងសុខាភិបាលកម្ពុជា។
ក្រៅពីនេះផងដែរ រដ្ឋាភិបាលអូស្ត្រាលី ក៏បានរៀបចំ និងកំពុងអនុវត្តគម្រោងដទៃទៀតក្នុ ងវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ យេនឌ័រ វិនិយោគ និងពាណិជ្ជកម្មផងដែរ។
ទាក់ទងនឹងក្រសួងពាណិជ្ជកម្ម ឯកអគ្គរាជទូត បានជម្រាបអំពីសកម្មភាពដែល រដ្ឋាភិបាលអូស្ត្រាលី បានជួយដល់ក្រសួងពាណិជ្ជកម្ម រួមមាន ការជំរុញការអភិវឌ្ឍ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំនួយបច្ចេកទេសដល់ការរៀប ចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង។
លើសពីនោះទៀត អូស្ត្រាលីក៏កំពុងតែសិក្សា និងគ្រោងនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២១នេះ នូវគម្រោងថ្មីមួយដែលផ្ដោតលើការ អភិវឌ្ឍសេដ្ឋកិច្ច សម្របសម្រួលវិនិយោគ និងពិពិធកម្ម ពាណិជ្ជកម្មផងដែរ។
លោក ប៉ាន សូរស័ក្ដិ លើកឡើងថា កម្ពុជា និងអូស្ត្រាលី ក៏ជាភាគីនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីមួយចំនួនដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងអាស៊ាន-អូស្ត្រាលី និងនូវែលហ្សេឡង់ (AANZ) ហើយកម្ពុជា និងអូស្ត្រាលី នឹងសហការណ៍គ្នាដើម្បីជំរុញការបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងទាំងនោះឲ្យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក ក៏បានស្នើសុំឲ្យអូស្ត្រាលី ពិនិត្យលទ្ធភាពជួយបន្ថែមទៀតក្នុងសកម្មភាពរួមមាន លិខិតបទដ្ឋានគតិយុត្ត និងការអភិវឌ្ឍសមាសធាតុផ្សេងៗ ក្នុងវិស័យពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក លិខិតបទដ្ឋានគតិយុត្តនៃច្បាប់ស្ដីពីការប្រកួតប្រជែង ក៏ដូចជាចូលរួម អនុវត្តនូវអនុសាសន៍នៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣៕ E B