ខេត្តមណ្ឌលគិរី ៖ សត្វស្វាព្រាមចំនួន១ក្បាល បានជាប់អន្ទាក់របស់ព្រាន ហើយត្រូវបានមន្រ្តីឧទ្យានុរក្ស ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងបុគ្គលិកល្បាតរបស់អង្គការ WWF ដែលចុះល្បាតរួមគ្នាពើបប្រទះនៅចំណុចដៃអូរមួយកន្លែង ស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំព្រេច រួចបានជួយសង្រ្គោះឲ្យបានរួចផុតពីគ្រោះថ្នាក់ និងបានលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។


ការចុះល្បាត និងដោះអន្ទាក់ខាងលើនេះធ្វើឡើងក្នុងប្រតិបត្តិការចុះល្បាតរបស់ក្រុមការងារ នៅក្នុងសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០២១ ក្នុងនោះក្រុមការងារបានដោះប្រមូល និងសាអន្ទាក់សរុបចំនួន១៦ខ្សែ នៅក្នុងភូមិសាស្រ្តតំបន់អភិរក្ស និងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃភ្នំព្រេច។ មន្រ្តីឧទ្យានុរក្ស និងក្រុមការងារសហគមន៍ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ការពារធម្មជាតិ សូមមេត្តាចូលរួមក្នុងសកម្មភាពការពារនិងអភិរក្សសត្វព្រៃនិងជីវៈចម្រុះ ដោយបញ្ឈប់ការដាក់អន្ទាក់ក្នុងបំណងទាក់ចាប់សត្វព្រៃដោយខុសច្បាប់។


គួររម្លឹកជូនថា ស្វាព្រាម ជាប្រភេទថនិកសត្វក្នុងក្រុមប្រភេទមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់។ នៅលើពិភពលោក ស្វាព្រាម កំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ការទាក់ចាប់ ការបាត់បង់ទីជម្រក និងការធ្វើពាណិជ្ជកម្ម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ