ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជា មិនយកប្រទេសណាជាសត្រូវឡើយ ដោយកម្ពុជា ស្វាគមន៍នូវរាល់ការវិនិយោគពីបណ្ដាប្រទេសនានាទាំងអស់។

ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១៥១៨៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈសុខសន្តិភាព, គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងនយោបាយការទូត ត្រឹមត្រូវ បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន និងទទួលបានការវិនិយោគជាបន្តបន្ទាប់ ហើយបានហុចផលដល់ប្រជាពលរដ្ឋ ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា កម្ពុជា មិនយកប្រទេសណាជាសត្រូវឡើយ ដោយកម្ពុជា ស្វាគមន៍នូវរាល់ការវិនិយោគពីបណ្ដាប្រទេសនានាទាំងអស់។ សម្ដេច ថា «យើងមិនយកប្រទេសណាជាសត្រូវទេ យើងស្វាគមន៍ទាំងអស់ ចឹងបានខេត្តព្រះសីហនុ មានទាំងវិនិយោគ មកពីចិន មកពីជប៉ុន មកពីអឺរ៉ុប មកពីអាមេរិក នៅខេត្តព្រះសីហនុ ច្រើនណាស់»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា មានអ្នកយោបាយខ្លះ មិនទាន់ទាំងបានអំណាចផង ចង់ធ្វើសត្រូវជាមួយប្រទេសនេះ ឬប្រទេសនោះទៅហើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «មានអ្នកខ្លះមិនទាន់បានកាន់អំណាចផង ជេរប្រទេសនេះ ចាប់ប្រទេសនោះ យើងហ៊ានតែចាប់ប្រទេសណាមួយ យើងវេទនា យើងអត់ទេ គោលនយោបាយការទូត សំខាន់ណាស់»។

សម្ដេចនាយករដ្ឋមន្ត្រី ក៏លើកឡើងដែរថា កម្ពុជា បាននាំផលិតផលនានាទៅកាន់តំបន់អឺរ៉ុប ទៅចិន ទៅអាហ្វ្រិក ទៅមជ្ឈឹមបូព៌ា ទៅតំបន់អាស៊ាន ដែលនេះក៏ព្រោះតែកម្ពុជា មិនធ្វើសត្រូវជាមួយប្រទេសណាមួយឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ