ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត។ 

បើតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថា តាមរយៈ ការស្រាវជ្រាវនិងអភិវឌ្ឍលើបច្ចេកវិទ្យាភាសា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបង្កើត «កម្មវិធីបំប្លែង សំឡេងទៅជាអត្ថបទ – Khmer Automatic Speech Recognition – Khmer ASR » ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ( Artificial intelligence (https://en.wikipedia.org/wiki/Artificial_intelligence) )។

កម្មវិធីនេះអាចប្រើប្រាស់ក្នុង ទូរសព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS ក្នុងការបំប្លែងសំឡេង និយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងក្នុងទម្រង់ជា WAV, Mp3, M4a និង OGG ទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទឱ្យ កាន់តែឆាប់រហ័ស និងងាយស្រួល។ នៅដំណាក់កាលនេះ កម្រិតបំប្លែងត្រឹមត្រូវ (Accuracy) មានប្រមាណ ៩០%។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមណែនាំក៏ដូចជាលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ដំឡើង «កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Khmer ASR)» ដើម្បីជាជំនួយដល់កិច្ចការសរសេរប្រចាំថ្ងៃ ដោយស្កេន QR Code ខាងក្រោម។

ដើម្បីធ្វើឱ្យកម្មវិធីនេះ កាន់តែប្រសើរ ក្រសួងរីករាយនឹងទទួលមតិយោបល់ពីសាធារណជន ដោយចុចលើពាក្យ «មតិត្រឡប់»នៅក្នុងកម្មវិធី។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធ នឹងបច្ចេកទេសនៃការប្រើប្រាស់នេះ សាធារណជនអាចចូលទៅគេហទំព័ររបស់ Khmer ASR ដែលមានអាសយដ្ឋាន https://rnd.cadt.edu.kh/khmer-asr ឬទំនាក់ទំនងតាមរយៈអ៊ីមែល rnd@cadt.edu.kh ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ