លោក កែ គឹមយ៉ាន ណែនាំភាគីពាក់ព័ន្ធចាត់វិធានការ ជាបន្ទាន់និងបញ្ឈប់លែង ឲ្យប្រើនិងការធ្វើអាជីវកម្ម ផលិតផល HTPs នៅកម្ពុជា
ភ្នំពេញ ៖ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំឲ្យក្រសួង-ស្ថាប័ន សមាជិកអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវចាត់វិធានការ ជាបន្ទាន់ បញ្ឈប់លែងឲ្យមានការប្រើប្រាស់ និងការធ្វើអាជីវកម្មផលិតផល អេចល្ប៍ ធី ភី (HTPs) ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូត និងរឹបអូសយកផលិតផល ទាំងនោះមករក្សាទុក។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ផលិតផល អេចល្ប៍ ធី ភី (HTPs) បារីអេឡិចត្រូនិក (Electronic Nicotine Delivery System-EDNS) និងអេចល្ប៍ ធី ភី (HTPs-Heated Tobacco Producte) ជាផលិតផលថ្នាំជក់ថ្មី ដែលត្រូវបានគេផលិតឡើងដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ជាពិសេសទាក់ទាញឲ្យមានការប្រើប្រាស់ ក្នុងចំណោមយុវវ័យ។ បារីអេឡិចត្រូនិច និងអេចល្ប៍ធី ភី ត្រូវបានគេប្រើប្រាស់ តាមរយៈឧបករណ៍ម្យ៉ាង ដែលប្រើថ្មពិលបង្កើតថាមពលកំដៅ ក្នុងការបំលែងអង្គធាតុ ដែលដាក់ចូលឧបករណ៍នោះ ឲ្យទៅជាចំហាយ ។
តាមសេចក្ដីណែនាំរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោក កែ គឹមយ៉ាន បានបញ្ជាក់ថា «បន្ថែមលើការពង្រឹង ការអនុវត្តសេចក្តីណែនាំស្តីពី ការចាត់វិធានការបង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូល ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ បញ្ឈប់លែងឲ្យមានការប្រើប្រាស់ និងការធ្វើអាជីវកម្មផលិតផលអេចល្ប៍ ធី ភី (HTPs) ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូត និងរឹបអូសយកផលិតផលទាំងនោះមករក្សាទុក។ ការដកហូត និងរឹបអូសយកផលិតផល អេចល្ប៍ ធី ភី (HTPs) មិនត្រូវធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម ស្របច្បាប់ផ្សេងទៀតជាដាច់ខាត» ។
លោកបន្ដថា ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល អេចល្ប៍ធី ភី (HTPs) តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឲ្យមានការ នាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូ ទៅឱ្យបានទូលំទូលាយ។
លោកបន្ថែមថា គ្រប់ក្រសួង -ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិ ការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើរបាយការណ៍ពីលទ្ធផល នៃការអនុវត្តខ្លឹមសារ សេចក្តីណែនាំនេះ មកអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការបូកសរុប រាយការណ៍ជូនរាជរដ្ឋាភិបាល ៕EB