ភ្នំពេញ ៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានដឹកនាំបើកកិច្ចប្រជុំស្តីពី «យន្តការអនុវត្តន៍ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តន៍បន្ត»។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះ បានឲ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ត្រ និងផលិតផលក្លែងក្លាយខុសច្បាប់ទូទៅបានជិត ៦០០តោន។ នេះបើតាមរបាយការណ៍ ដែលក្រុមអ្នកសារព័ត៌មានទទួលបាន។

របាយការណ៍ ដែលត្រូវបានអានដោយ លោក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា លេខាធិការដ្ឋាន បានបូកសរុបលទ្ធផលអនុវត្តន៍ការងារ របស់គណៈកម្មាធិការ ដោយបង្ហាញថា រយៈពេល ៩ខែ ឆ្នាំ២០២០ បានចុះបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ត្រ និងផលិតផល ដែលក្លែងក្លាយខុសច្បាប់ទូទៅ សរុបចំនួន ១៣៤ករណី ស្មើនឹងចំនួន ៥៩៤.៦៥តោន។

ចំណែកលោក មៀច សុផាន់ណា បានលើកឡើងថា ការងារទទួលបានជោគជ័យទាំងនេះ មិនមែនកើតឡើងដោយសារ មន្ត្រីរបស់គណៈកម្មាធិការមួយមុខទេ តែជាលទ្ធផលល្អ ដែលកើតឡើងពីគ្រប់ភាគីពាក់ព័ន្ធ មកពីក្រសួងស្ថាប័ននានាទាំងអស់។ លោកបានរំលឹក ដល់ភាគីពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការ ត្រូវរួបរួមគ្នាបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ