WHO គាំទ្រចំណាត់ការរបស់នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងការបិទចរាចរណ៍ឆ្លងកាត់ខេត្ត ក្នុងឱកាសឆ្នាំបុណ្យចូលឆ្នាំថ្មី ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) ធ្វើការកោតសរសើរចំពោះសេចក្តីសម្រេចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការរឹតបន្ដឹងធ្វើចរាចរណ៍ឆ្លងរាជធានី-ខេត្ត ខណៈវិធានការនេះ មានតួនាទីសំខាន់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ។
ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្អាកធ្វើដំណើរឆ្លងខេត្តរយៈពេល១៤ថ្ងៃ ខណៈវិធានការនេះ ធ្វើឡើងដើម្បី កាត់ផ្តាច់ និងរាំងខ្ទប់ការរីករាលដាលជំងឺកូវីដ-១៩។
យោងតាមលិខិតរបស់ លោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិ ក ផ្ញើជូនសម្ដេចតេជោ នាពេលថ្មីៗនេះថា កោសរសើរចំពោះ សម្ដេចតេជោផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រឹងប្រែង និងសម្រេចនូវសមិទ្ធិផលដ៏ធំធេង ជាការឆ្លើយតប ទៅនឹងការរាតត្បាតនៃជំ ងឺកូវីដ-១៩។
លោក បន្ដថា WHO ចែករំលែកនូវការព្រួយបារម្ភរបស់កម្ពុជាអំពី ស្ថានភាពបច្ចុប្បន្ននេះ នៅពេលដែលកម្ពុជាកំពុង ប្រឈមមុខនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងការរាតត្បាតនៃជំងឺកូវីដ-១៩នេះ បានចាប់ផ្ដើមមក។ អំឡុងពេល នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រទេសជាច្រើនបានប្រឈមនឹងពេលវេលាដ៏លំបាកដូចនេះ ហើយមាន តែការដឹកនាំ និងលទ្ធភាពនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តដ៏លំបាកនោះទេ ដែលបានផ្ដល់ជាមគ្គុទេសក៏ដល់ប្រទេស ទាំងនោះ ឲ្យឆ្លងផុតពេលវេលាដ៏លំបាកទាំងនោះបាន។
លោក រៀបរាប់ថា បុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយ នៅក្នុងវប្បធម៌ខ្មែរដែលជាឱកាសមួយនាំឲ្យ គ្រួសារបានជួបជុំគ្នា ហើយធ្វើការឆ្លុះបញ្ចាំងពីឆ្នាំចាស់ដែលបានកន្លងផុតទៅ ក៏ដូចជាអបអរក្តីសង្ឃឹម របស់ប្រជាជន កម្ពុជាសម្រាប់ឆ្នាំថ្មីខាងមុខ។ តែទោះជាយ៉ាងណាក៏ដោយ ដូចដែលបានឃើញកើតឡើងនៅបណ្តាប្រទេសដទៃទៀត ការប្រារព្ធពិធីបែបនេះ មានហានិភ័យខ្ពស់ក្នុងការចម្លងវីរុសនៅទូទាំងប្រទេស។ ហានិភ័យ គឺកាន់តែធ្ងន់ធ្ងរទៅទៀត នៅពេលដែលមានវត្តមាន និងចរាចររបស់វីរុសបំប្លែងថ្មី B.1.1.7។
លោក បញ្ជាក់ថា «អង្គការសុខភាពពិភពលោក សូមធ្វើការកោតសរសើរចំពោះការធ្វើសេចក្តីសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ របស់សម្ដេច ដោយផ្អែកលើការវាយតម្លៃអំពីហានិភ័យ នៅក្នុងការរឹតបន្ដឹងការធ្វើចរាចរណ៍ឆ្លងរាជធានី-ខេត្ត។ នោះគឺ ជាវិធានការគន្លឹះមួយ ក្នុងការកាត់បន្ថយហានិភ័យ និងការពារប្រទេសកម្ពុជា។ វិធានការមួយនេះ រួមជាមួយនឹងវិធាន ការសុខភាពសាធារណៈដទៃទៀត នឹងមានតួនាទីសំខាន់នៅក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ ជាពិសេស ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ ខ្ញុំយល់ថា ទាំងនេះ មិនមែនជាការធ្វើសេចក្ដីសម្រេចចិត្តងាយស្រួលនោះ ទេ។ ជាធម្មតាប្រជាជនៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផង គឺតែងតែនឿយណាយនឹងការរឹតបន្ដឹងនានា»។
នាយកអង្គការ WHO ក៏លើកឡើងថា កម្ពុជាមិនប្រឈមនឹងការលំបាកនេះតែម្នាក់ឯងនោះទេ អង្គការសុខភាពពិភព លោក ឈរនៅជាមួយកម្ពុជាជានិច្ច ហើយនឹងបន្តផ្តល់ការគាំទ្រផ្នែកគោលនយោបាយបច្ចេកទេស និង ប្រតិបត្តិការ ដល់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ញើលិខិតជូន លោក Takeshi Kasai នាយកអង្គកា រសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ថា «ខ្ញុំមានសេចក្តីរីករាយ និងត្រូវបានលើកទឹកចិត្ត ដោយ បានទទួលសារលិខិតរបស់ លោកវេជ្ជបណ្ឌិត ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដែលបានលើកឡើងពីការប្តេជ្ញាចិត្តជា ថ្មីរបស់អង្គការសុខភាពពិភពលោក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩»។
សម្ដេចតេជោ បន្ដថា «ខណៈពេលដែលប្រទេសកម្ពុជា បានរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំមុន នៅក្នុងឆ្នាំនេះ យើងខ្ញុំមិនមានភ័ព្វសំណាងណាស់នោះទេ ដោយបច្ចុប្បន្ននេះ យើងខ្ញុំកំពុងប្រឈមនឹងការឆ្លងរីករាល ដាលនៃវីរុសកូរ៉ូណានាំចូលប្រភេទថ្មីក្នុងសហគមន៍ ដែលជាអកុសលបានធ្វើឲ្យចំនួន នៃការបាត់បង់អាយុជីវិតមនុស្ស មានការកើនឡើង»។
សម្តេចតេជោ បញ្ជាក់ថា នៅចំពោះមុខគ្រោះអាសន្នដ៏ធ្ងន់ធ្ងរនៃសុខភាពសាធារណៈ នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបា លកម្ពុជា ត្រូវបង្ខំចិត្តជ្រើសយកការសម្រេចចិត្តដ៏លំបាក ក្នុងការបិទតំបន់ដែលទទួលរងផលប៉ះពាល់ និងដាក់វិធានការរឹតត្បិតការធ្វើដំណើរដ៏តឹងរ៉ឹង រួមជាមួយនឹងវិធានការផ្សេងៗទៀតដើម្បីទប់ស្កាត់ការ រីករាលដាលនៃការផ្ទុះជំងឺនេះ។
សម្ដេចតេជោ អះអាងថា វិធានការអស់ទាំងនេះមានភាពចាំបាច់ ក្នុងការធានាសង្គ្រោះជីវិត សុវត្ថិភាពសុខភាពសាធារ ណៈ សុខុមាលភាពរបស់ប្រជាជន និងការវិលត្រឡប់ទៅរកភាពធម្មតាវិញ នៃជីវិតរស់នៅឲ្យបានឆាប់៕EB