ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅតែចាត់ទុកថា ការវិនិយោគវិស័យអចលនទ្រព្យនៅតែជា សសរស្តម្ភរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជា ។
ថ្លែងក្នុងកិច្ចពិភាក្សាសារព័ត៌មាន ក្រោមប្រធានបទ តើត្រូវវិនិយោគលើអចលនទ្រព្យដោយរបៀបណាក្នុងសម័យកូវីដ-១៩ កាលពីថ្ងៃទី ២៣ ខែមករា នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ នៃភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា (ស.វ.អ.ក)បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសរាជធានីភ្នំពេញ នៅតែបន្តចរន្តក្នុងការទិញលក់ជាធម្មតា ទោះបីជាយើងបាត់ដៃគូម្ខាងដែលជាសហភាគីបរទេស ដែលមិនមកវិនិយោគនិងមិនឃើញឱកាសក្នុងព្រះរាជាណាកម្ពុជាក៏ពិតមែន ចំនួននៃការទិញលក់បរទេសធ្លាក់ចុះ ប៉ុន្តែចរន្ត សេដ្ឋកិច្ចផ្ទៃក្នុងក៏នៅតែជាឱកាសក្នុងការវិនិយោគផងដែរ ។
លោកបានបន្តថា ការទិញលក់អចលនទ្រព្យក៏ជាការជំរុញនូវ កំណើនសេដ្ឋកិច្ច ការជំរុញកំណើនជីវភាពរបស់ប្រជាជន ម្ចាស់ដីឬម្ចាស់អចលនទ្រព្យ ព្រោះតែនៅពេលដែលបង្វិលនូវ អចលនទ្រព្យទៅនឹងការទទួលបានឱកាសក្នុងការវិនិយោគនៅកន្លែងផ្សេងៗទៀត ។លោកបន្តទៀតថា អ្នកវិនយោគ និង សហគ្រិន មានលទ្ធភាពជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការបញ្ចេញទុន ហើយគម្រោងតូចធំ មួយចំនួន បានចាប់ផ្តើមនៅពេលបច្ចុប្បន្ននេះ។
លោកបន្តថា វិស័យអចលនទ្រព្យនៅតែបន្តសន្ទុះនៅក្នុងឆ្នាំ២០២១នេះ នៅពេលដែលមានដំណោះស្រាយវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ព្រោះថាវ៉ាក់សាំងកូវីដ-១៩ នឹងជួយឱ្យមនុស្សបំបាត់នូវភាពភ័យខ្លាច ។ហើយនៅពេលដែលវ៉ាក់សាំងបានចាក់នៅក្នុងប្រទេសកម្ពុជា ចំនួនអ្នកដែលធ្វើដំណើរមកក្នុងប្រទេសកម្ពុជានឹងមានការ កើនឡើងវិញ៕