ភ្នំពេញ ៖ ធនាគារពិភពលោក បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថា វានឹងទទួលបានកំណើនជិត ៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់ ៣,១ភាគរយក្នុងឆ្នាំ២០២០។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងណាក្តី ការរើបឡើងវិញនេះ មានលក្ខណៈមិនដូចគ្នាទេ នៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុងសភាព ផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។ ធនាគារពិភពលោក បាននិយាយដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះទៅការរើបឡើងវិញ។

ធនាគារពិភពលោក បន្ដថា ខណៈដែលវិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែ ការរាតត្បាតនៃជំងឺ។វិស័យកសិកម្មនៅរក្សាភាពធន់បានគួរសមដោយសារតែមានតម្រូវការខ្លាំងអមដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជានិងចិនបានចុះហត្ថលេខាជាមួយគ្នា។ផ្នែកឧស្សាហកម្មផលិតក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។

ធនាគារពិភពលោក បន្ថែមថា អាជីវកម្មបោះដុំ និងលក់រាយ បានប្រឹងរើបឡើងវិញយឺតៗដែរ នៅពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ។ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ, ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូននៅតែបន្តរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែហូរចូលឥតដាច់ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ។

ប្រភពដដែល បញ្ជាក់ថាទៅមុខទៀត ចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជានៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និងល្បឿន នៃដំណើររើបឡើងវិញនេះ អាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពរបស់វីរុសនិងទៅលើល្បឿននៃការចាក់វ៉ាក់សាំងការពារ។ 

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា«ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរកម្ពុជាបានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការលើសកលលោកដោយសារតែកូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថាកម្ពុជាបានចាក់វ៉ាក់សាំងឱ្យមនុស្សក្នុងប្រទេសបានជាង ៣លាននាក់ រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់»។

លោកស្រី បានបន្ថែមទៀតថា ធនាគារពិភពលោក នៅតែបន្តធ្វើការជាមួយកម្ពុជាដើម្បីជួយប្រទេសនេះបន្ថែមទៀតក្នុងការប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ