ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាព ក្នុងការទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹង គ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា កន្លងមកនេះ ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់ គ្រឿងញៀន ទាំងនៅក្នុងតំបន់ និងសកលលោក រួមនិងការប្រើប្រាស់សារធាតុញៀន ថ្មីប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ នៅមិនមានសញ្ញាថយចុះនៅឡើយទេ ហើយបាននិងកំពុងរីករាលដាលគួរឲ្យ ព្រួយបារម្ភ។


សម្ដេចតេជោ បន្ដថា ជាមួយគ្នានេះ ឥទ្ធិពលនៃការប្រណាំងប្រជែងនយោបាយ-សេដ្ឋកិច្ច របស់ប្រទេសមហាអំណាច នៅក្នុងនិងក្រៅតំបន់ ពិសេសវិបត្តិដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ បានគំរាមកំហែង និងបង្កនូវផល លំបាកយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាសកល។ កត្តាទាំងអស់នេះបាននាំមកនូវផលប៉ះពាល់ អវិជ្ជមានដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព របស់ប្រទេសនានានៅក្នុងពិភពលោក ដែលក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ 

សម្ដេចតេជោ មានប្រសាសន៍ថា «ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និង ប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹង គ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ»។

សម្ដេចតេជោ បន្ដថា ជាក់ស្ដែងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន១០ ៤៦១ករណី ត្រូវបានបង្ក្រាប ក្នុងឆ្នាំ២០២០ គឺបង្ក្រាបបានច្រើន ជាងឆ្នាំមុនប្រមាណ ៦,៧៩% ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ចំនួន២១ ៥៦៦នាក់ ត្រូវបានឃាត់ ខ្លួន គឺច្រើនជាងឆ្នាំមុនប្រមាណ៥,២៥% និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទ បាន ៣ ៨៧៥គីឡូក្រាម ដែលបរិមា ណនេះ កើនឡើងប្រមាណ៥,១៦% បើប្រៀបធៀបទៅនឹងបរិមាណ ដែលចាប់យកបានក្នុងឆ្នាំមុន។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការប្រកបដោយ ការទទួលខុសត្រូវខ្ពស់អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន នូវផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លង ទៅនេះ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ