ភ្នំពេញ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើបារាំង ពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទាន លើវិស័យទឹកស្អាតនៅកម្ពុជា បន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចប់អាណិត្ត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក ចម ប្រសិទ្ធ បានថ្លែងថា បេសកកម្មរបស់រាជរដ្ឋាភិបាល ក៏ដូចជាទស្សន:វិស័យរបស់ក្រសួងត្រូវខិតខំរួមគ្នាសម្រេចឲ្យបាន នូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតដោយកំណត់ថា នៅឆ្នាំ២០២៥ ទីប្រជុំជនត្រូវមានទឹកស្អាតប្រើប្រាស់ និងឆ្នាំ២០៣០ ប្រជាជននឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។


លោក បញ្ជាក់ថា «ស្នើឲ្យភាគីបារាំងពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទានលើវិស័យទឹកស្អាតបន្ថែម និងបន្តបន្ទាប់ទៀត។ ក្នុងនោះចំពោះមុខ គឺស្នើឲ្យភាគីបារាំងចាប់អារម្មណ៍យកចិត្តទុកដាក់ចំពោះគម្រោងរោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣ ដើម្បីគិតគូដោះស្រាយឲ្យបានទាន់ពេលវេលា នៃតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានផ្ទៃក្រលាដីកាន់តែរីកធំឡើង»។


ជាការឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូត លើកឡើងថា វិស័យទឹកស្អាតជាវិស័យដ៏មានសារ:សំខាន់សម្រាប់មនុស្សគ្រប់រូប។ លោកស្រីថា ដូច្នេះប្រទេសបារាំង មានការយកចិត្តទុកដាក់លើវិស័យនេះ ហើយច្បាស់ណាស់ ការអភិវឌ្ឍន៍គម្រោងទឹកស្អាតរបស់បារាំងនៅកម្ពុជា នឹងនៅតែស្ថិតក្នុងកត្តាអាទិភាពមួយ។

ឆ្លៀតឱកាសនោះដែរ លោកស្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងផុលផុស ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ