ភ្នំពេញ ៖ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ ធ្វើឲ្យក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក អនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ ចំនួន២០០លានដុល្លាររបស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA)។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក (World Bank) នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោងនេះរៀបចំគោលនយោបាយហិរញ្ញប្បទាន ដើម្បីជួយសង្គ្រោះការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា(Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF)។

ធនាគារពិភពលោក បន្ដថា គម្រោងនេះនឹងជួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ពលរដ្ឋងាយរងគ្រោះ ,ការសម្រួលឲ្យសេដ្ឋកិច្ចរើបឡើងវិញដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ទៅ នឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។


ធនាគារពិភពលោក បន្ថែមថា ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិ ងសង្គមដែលមិនធ្លាប់មាន។ ជាលើកដំបូងហើយ ក្នុងរយៈពេល៣០ឆ្នាំដែលសេដ្ឋកិច្ចនៃប្រទេសនេះ នៅក្នុងឆ្នាំ២០២០ បានរួញទំហំអស់ ៣,១ភាគរយ ហើយពេលនេះ កម្ពុជាកំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។

វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុត រួមមាន ផ្នែកកាត់ដេរ ទេសចរណ៍ និងសំណង់ ហើយវិស័យទាំងនេះសុទ្ធតែបានផ្តល់ការងារច្រើនជាងគេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យមាននិរន្តភាពឡើងវិញ។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុតនៅមិនទាន់មាន ការរាតត្បាតជំងឺនេះអាចនឹងបណ្តាលឱ្យភាពអត់ការងារធ្វើ និងភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដែលក្នុងនោះ ពលរដ្ឋជិតមួយលាននាក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «ច្បាស់ណាស់ ប្រទេសកម្ពុជាពិតជាត្រូវការធនធានដែលអាចយកទៅបញ្ចេញឲ្យបានរហ័សសម្រាប់ទ្រទ្រង់ដល់កម្មវិធីគ្រប់ជ្រុងជ្រោយមួយរបស់រដ្ឋាភិបាល ដើម្បីការពារជនក្រីក្របំផុតពីផលប៉ះទង្គិចរបស់វិបត្តិនេះ និងដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសឱ្យងើបឡើងវិញ»។ 


លោកស្រី បន្ដថា គម្រោងនេះ ជាផ្នែកស្នូលមួយនៃអន្តរាគមន៍ទូលំទូលាយមួយរបស់ធនាគារពិភពលោកក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ហើយក៏ជាផ្នែកមួយនៃកញ្ចប់ប្រតិបត្តិការទ្រទ្រង់ថវិកាពីសំណាក់ដៃគូអភិវឌ្ឍន៍មួយចំនួនរបស់កម្ពុជា មានដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), សហភាពអឺរ៉ុប (EU), និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ