ព្រះវិហារ ៖ ជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ នៅកម្ពុជា សហការរៀបចំដោយ ក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ ត្រូវបានបើកធ្វើឡើង នថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅលើទីតាំងចំនួន ៤កន្លែង នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលជឿជាក់ថា មានវត្តមានសត្វត្មាតរស់នៅ។


នេះជាការអង្កេតតាមដានជីវៈចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដើម្បីដឹងថា តើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វព្រៃជីវៈចម្រុះអ្វីខ្លះ ដើម្បីងាយស្រួលក្នុងការរៀបចំផែនការការពារ និងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចូលរួមធ្វើជំរឿនដោយផ្ទាល់នៅក្នុងដែនជម្រកសត្វព្រៃឆែបថ្លែងឱ្យដឹងថា ជំរឿនសត្វត្មាតនៅប្រទេសកម្ពុជា ធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី ៤ទីតាំងផ្សេងគ្នានៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយត្រូវបានអនុវត្ត និងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG ) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈ ចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។


លទ្ធផលបឋមនៃការធ្វើជំរឿនសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃឆែបតែមួយនៅថ្ងៃទី៩ ខែមិថុនា ត្រូវបូកសរុបក្រោយបញ្ចប់នៅល្ងាចថ្ងៃទី៩ ខែមិថុនានេះ។ គួរកត់សម្គាល់ថា នៅអាហារដ្ឋានត្មាតក្នុងភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប នៅពេលផ្តល់ចំណីប្រចាំខែកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អ្នកជំនាញបានរកឃើញវត្តមានសត្វត្មាតចំនួន ៦១ក្បាលក្នុងនោះរួមមានត្មាតផេះ ចំនួន ៤០ ក្បាល ត្មាតភ្លើងចំនួន ២ក្បាល និងត្មាតត្មាតត្នោតចំនួន ១៩ក្បាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ