ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថា មានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ នៅពេលបើកបរលើផ្លូវផ្លឿនលឿន កត្តាទាំងនេះអាចបណ្តាលឱ្យមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

តាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ បានណែនាំដល់អ្នកបើកបទាំងអស់កុំបើកបរលើសល្បឿនកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ហើយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វើចរាចរណ៍សរុបប្រមាណ ១,៤លានដង ក្នុងរយៈពេល៤ខែ (វិច្ឆិកា ២០២២ - កុម្ភៈ ២០២៣) កន្លងមកនេះ។ 

ទន្ទឹមនឹងនេះផងដែរ ក្រសួងសាធារណការ សង្កេតឃើញថា «មានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម។ កត្តាទាំងនេះអាចបណ្តាលអោយមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ»។

ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមបន្តអំពាវនាវ និងក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាព និងត្រូវត្រួតពិនិត្យបឋមមុនពេលចេញដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់តាមការកំណត់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ