អង់គ្លេស សន្យាថា នឹងបញ្ជូនអ្នកជំនាញមកសិក្សាពីតម្រូវការរបស់កម្ពុជា ដើម្បីធ្វើឱ្យកាន់ តែប្រសើរឡើង ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ
ភ្នំពេញ ៖ ដើម្បីជួយក្រសួងបរិស្ថាន លើកិច្ចការងារបរិស្ថាន និងធនធានធម្មជាតិ រដ្ឋមន្ត្រីការបរ ទេសចក្រភព អង់គ្លេស សន្យាថា នឹងបញ្ជូនក្រុមបេសកកម្ម ជំនាញមកកម្ពុជា ដើម្បីសិក្សាពីតម្រូវការ របស់កម្ពុជា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងវិស័យបរិស្ថាន និង ធនធានធម្មជាតិ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៣ មិថុនានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ មិថុនា លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បានជួបពិភាក្សាជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បន្តថា ក្នុងជំនួបជាមួយ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោករដ្ឋមន្ត្រីរដ្ឋមន្ត្រី ការបរទេសចក្រភពអង់គ្លេស បានថ្លែងថា ការអញ្ជើញមកប្រទេសកម្ពុជា នៅពេលនេះ របស់លោកក្នុងនាម ជាមិត្តភ័ក្តិនិងជាដៃគូ និងដើម្បីស្វែងយល់ពីតម្រូវការ របស់ប្រទេសកម្ពុជា និង ជួយប្រទេសកម្ពុជា ដើម្បីឱ្យមានការអភិវឌ្ឍរីក ចម្រើនបន្ថែ ក្នុងនោះលោករដ្ឋមន្រ្តី ការបរទេសចក្រភពអង់គ្លេស ក៏បានសាកសួរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានថា តើអង់គ្លេសអាចជួយអ្វីបាន ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានជម្រាបជូនរដ្ឋមន្ត្រី អង់គ្លេសថា អ្វីដែលចក្រភពអង់គ្លេស អាចជួយកម្ពុជា បានក្នុងវិស័យបរិស្ថាន គឺការបណ្តុះបណ្តាលធនធាន មនុស្ស ក្នុងកិច្ចការបរិស្ថាននិងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជ កម្ម និងទិញផលិតផលពីប្រទេសកម្ពុជា ។ នៅក្នុងវិស័យបរិស្ថាន អង់គ្លេសអាចទិញឥណទានកាបូន ហើយថវិកានោះនឹងត្រូវប្រើប្រាស់ ដើម្បីបម្រើឱ្យ ការអភិរក្សព្រៃឈើ និងសត្វព្រៃ និងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានតាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ ប្រជាពលរដ្ឋ។
ដើម្បីជួយក្រសួងបរិស្ថាន លើកិច្ចការងារបរិស្ថាន និងធនធានធម្មជាតិ រដ្ឋមន្ត្រីការបចក្រភពអង់គ្លេស សន្យាថា នឹងបញ្ជូនក្រុមបេសកកម្មជំនាញមកកម្ពុជា ដើម្បីសិក្សាពីតម្រូវការរបស់កម្ពុជា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ។ លោករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ៕