លោក សុខ ទូច ៖ បើខ្មែរអស់ត្រីហូប ប្រហែលមកពី «បឹង ស្ទឹង អូរ ត្រូវបានលុប ព្រៃលិចទឹក ត្រូវបានបំផ្លាញ»
ភ្នំពេញ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើប្រជាជនខ្មែរអស់ត្រី ប្រហែលមកពីមូ លហេតុ ដូចជា បឹង ស្ទឹង អូរ ត្រូវបានលុប ព្រៃលិចទឹក ត្រូវបានបំផ្លាញ ជាដើម។
កាលពីថ្ងៃទី១៥ មិថុនា ក្រសួងកសិកម្ម បានសារភាពតាមរយៈសេចក្តីប្រកាសព័ត៌មានថា ការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែជួបបញ្ហាប្រឈម ដោយមិនទាន់អាចដោះស្រាយបាននៅឡើយ។ ក្រសួងកសិកម្ម លើកមូលហេតុចម្បងៗថា ការជួបបញ្ហាប្រឈម ក្នុងការផ្គត់ផ្គង់ត្រីនៅកម្ពុជា គឺបណ្តាលមកពី ការថមថយត្រីពីធម្មជាតិ ការមានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា និង ការប្រកួតប្រជែងទីផ្សារត្រីក្នុងស្រុក ជាដើម។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក សុខ ទូច បានឆ្លើយតបវិញថា ហេតុអ្វីគ្រាន់តែឱ្យវៀតណាមឡើងគោក លែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធថា កម្ពុជាខ្វះត្រីហូប? ខណៈដែលអ្នកជិតខាងមានប្រជាជនច្រើន ពូជត្រីក៏ក្រជាងខ្មែរ តែបែរជាដឹកត្រីចូលមកខ្មែរ។
លោក បន្ដថា បើឡាវខ្វះត្រីហូប ទើបមិនចម្លែក តែបើខ្មែរថាខ្វះត្រីទទួលទាន វាដូចជា ចម្លែកអស្ចារ្យណាស់ ព្រោះខ្មែរមានទន្លេមេគង្គ បឹងទន្លេសាប និងស្ទឹង ព្រែក បឹង អូរជាច្រើនប្រៀបដូចសសៃឈាម ហើយថែមទាំងមានសមុទ្រជាប្រភពត្រីទឹកប្រៃទៀត តែអស់ត្រីហូប ប្រហែលមកពីមូលហេតុ ដូចខាងក្រោម ៖
ទី១-មិនបានគណនាពីតម្រូវការទីផ្សារនៅក្នុងស្រុក ដែលប្រហែលមកពីខ្វះអ្នកគិតចំណោទហើយ។
ទី២-ប្រហែលជាមកពីព្រៃលិចទឹកត្រូវបានបំផ្លាញអស់។
ទី៣-ប្រហែលមកពីបឹងត្រូវបានលុប។
ទី៤-ប្រហែលមកពីតំបន់នេសាទ និងតំបន់ចិញ្ចឹមត្រី មិនត្រូវបានរៀបចំទៅតាមសក្ដានុពល តែបែរជាត្រូវបានលុបដោយសារតម្លៃទីផ្សារដីឡើងខ្ពស់ នាំគ្នាលុបបឹង ស្ទឹង អូរ យកទៅលក់។
ទី៥-មិនបានចងជាសហគមន៍ ដើម្បីឱ្យការផលិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ទី៦-យើងមិនបានកែច្នៃវត្ថុធាតុដើមក្នុងស្រុកដែលមាន ឱ្យទៅជាចំណីរបស់សត្វឬមនុស្ស តែយើងទិញចំណីស្រាប់ពីគេមកឱ្យសត្វ ដែលធ្វើឱ្យថ្លៃដើមផលិតខ្ពស់មិនអាចប្រកួតប្រជែងបាន។
និងទី៧-បើត្រីដែលចិញ្ចឹមបានមានអតិផរណា យើងអាចកែច្នៃត្រីទៅជាផលិតផលជាច្រើនតាមលក្ខណៈប្រពៃណី មិនបាច់ប្រើវិទ្យាសាស្ត្រទេ ដូចជា ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ទោះជាមិនបាច់ធ្វើត្រីខកំប៉ុង ក៏ត្រីគ្មានអតិផរណាដែរ។
សូមរំលឹកថា ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញបទបញ្ជាឲ្យអ្នករស់នៅ និងប្រកបរបរនេសាទលើផ្ទៃទន្លេចតុមុខ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាកចេញឲ្យអស់។ អ្នករស់នៅ និងប្រកបរបរនេសាទទាំងនោះ ដែលភាគច្រើនជាជនជាតិវៀតណាម បានចាកចេញជាបណ្តើរៗហើយ តែមួយចំនួនទៀត សុំពេលបន្ថែមពីអាជ្ញាធរ ដ្បិតពួកគេ មិនទាន់អាចរៀបចំខ្លួនចាកចេញទាន់ពេលវេលា។
ប្រជាពលរដ្ឋខ្មែរទូទៅ សាទរចំពោះចំណាត់ការរបស់អាជ្ញាធរ ដែលឲ្យអ្នករស់នៅ និងប្រកបរបរនេសាទនៅទន្លេចតុមុខ ចាកចេញឲ្យអស់ ដើម្បីការពារសោភ័ណភាពបរិស្ថាន។ ប្រជាពលរដ្ឋខ្មែរខ្លះ និយាយថា ទោះគ្មានជនជាតិវៀតណាម ក៏កម្ពុជា មិនខ្វះត្រីដែរ៕EB