ជិត៥ខែ ឆ្នាំ២០២១ កម្ពុជាទទួលផលស្រូវរដូវប្រាំង ២,៩៣លានតោន និងនាំចេញផលិតផលកសិកម្ម ៤,១៣៦ លានតោន
ភ្នំពេញ ៖ ក្នុងរយៈពេលជិត៥ខែ ចាប់ពីខែមករាដល់ ឧសភាឆ្នាំ២០២១ នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់កម្ពុជា បានចំនួន២,៩៣លានតោន ដោយឡែក ការនាំចេញផលិតផល កសិកម្ម សម្រេចបាន ចំនួន៤,១៣៦ លានតោន។
នេះបើតាមការឲ្យដឹងពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែ នាថ្ងៃ២៥ ឧសភា។
ក្នុងរយៈពេលជិត៥ខែ ដើមឆ្នាំ២០២១ លទ្ធផលទទួលបានពីវិស័យកសិកម្មរួមមាន ៖ ទី១-ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន ១៤១,៤៥% នៃផែនការ ៤៥៩ ២០០ ហិកតា ទទួលបានផលសរុប ២,៩៣ លានតោន លើសឆ្នាំទៅចំនួន ៥៤ ០០០ លានតោន ដោយទទួលបានទិន្នផលជាមធ្យម ចំនួន ៤,៥៣៥ តោន/ហិកតា។
ទី២-ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ សម្រេចបាន ២៧,១៣% នៃផែនការ ២,៦០៩ លានហិកតា លឿនជាងឆ្នាំ២០២០ ចំនួន ២០៥ ៣៨២ ហិកតា។ និងទី៣-ការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១,១១៧ លានតោន។
ជាងនេះទៅទៀត រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំក្រោមឱវាតក្រសួងទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ទៅតាមមុខព្រួញទទួលខុសត្រូវ និងការចុះបំពេញភារកិច្ចនៅតាមបណ្តាខេត្ត ដោយត្រូវប្រកាន់ខ្ចាប់នូវវិធានការរបស់សុខាភិបាល ៣ ការពារ និង៣កុំ ជាប់ជានិច្ច ៕EB