រដ្ឋបាលគយចិន អនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ទៀត វេចខ្ចប់ នាំចេញផ្លែចេកកម្ពុជា ទៅកាន់ប្រទេសចិន
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ថ្មីៗនេះរដ្ឋបាលគយចិន បានសម្រេចអនុញ្ញាតឲ្យ ក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និងក្រុមហ៊ុនកសិកម្មផ្សេងទៀត សរុបចំនួន៥ ជាសហ គ្រាសចម្ការ និងរោងចក្រវេចខ្ចប់នាំចេញផ្លែចេក នៃប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន លើកទី៤។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជាដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨០០០ ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១ កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរលើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា។
សូមរំលឹកថា ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេករបស់កម្ពុជាមានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង ៦៨លានដុល្លារ៕EB