ភ្នំពេញ ៖ សារមន្ទីរជាតិកម្ពុជា បានហាមឃាត់ ឬផ្អាកសកម្មភាព ចំពោះអាជីវករ ក្រោយប្រើប្រាស់ស្ថាប័នរដ្ឋ ក្នុងការផ្ដល់សេវាកម្មជួលសម្លៀកបំពាក់បុរាណខ្មែរ មកថតរូបក្នុងបរិវេណសារមន្ទីរជាតិ។

សារមន្ទីរជាតិកម្ពុជា លើកឡើងបែបនេះក្រោយមានអាជីវករជួលសម្លៀកបំពាក់បុរាណមួយចំនួន បានលើកសំនួរនៅលើបណ្ដាញសង្គមថា «តើសារមនី្ទរជារបស់អ្នកណា? ជារបស់ជាតិ ឬក៏របស់ឯកជន?»។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានបេតិកភណ្ឌនាយកដ្ឋានសារមន្ទីរ នាថ្ងៃទី១០ ឧសភា បានឲ្យដឹងថា កត្តានេះអាចធ្វើឲ្យសាធារណជនយល់ច្រឡំថា សារមនី្ទរជាតិកម្ពុជាមិនគាំទ្រដល់វិស័យឯកជន ក្នុងការផ្សព្វផ្សាយលើកតម្លៃវប្បធម៌ខ្មែរ។ សារមនី្ទរជាតិកម្ពុជា សូមបញ្ជាក់ជូនថា កន្លងមកជំហររបស់ថ្នាក់ដឹកនាំសារមនី្ទរជាតិ តែងសម្របសម្រួលជូនសាធារណជនអាចចូលប្រើប្រាស់ទីតាំងសារមនី្ទរជាតិបាន ប្រសិនបើមានការពិភាក្សា ឬស្នើសុំជាមុន និងទទួលបានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សារមន្ទីរជាតិកម្ពុជា បន្ដថា ការដែលសារមនី្ទរជាតិរឹតត្បិតចំពោះអាជីវករមួយចំនួន ដែលផ្តល់សេវាជួលសម្លៀកបំពាក់បុរាណមកថតរូប ក្នុងបរិវេណសារមនី្ទរជាតិកន្លងមក ថា អាជីវករមិនបានទាក់ទងស្នើសុំការអនុញ្ញាតពីសារមនី្ទរជាតិ មុននឹងបញ្ចូលទីតាំងសារមន្ទីរជាតិជាផ្នែកមួយនៃ សេវាកម្មជូនអតិថិជន ក្នុងការជួលសម្លៀកបំពាក់ និងថតរូប។

សារមន្ទីរជាតិកម្ពុជា គូសបញ្ជាក់ថា «អាជីវករ បានប្រើប្រាស់ស្ថាប័នរដ្ឋ ក្នុងការផ្តល់សេវាកម្មសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត ហេតុនេះសារមនី្ទរជាតិ ចាំបាច់ត្រូវមានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់តែម្ដង រហូតដល់សារមនី្ទរជាតិបានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន ដើម្បីជៀសវាង នូវការរិះគន់ពីមហាជន ក៏ដូចជា ការស្តីបន្ទោសពីថ្នាក់ដឹកនាំក្រសួង សារមនី្ទរជាតិស្នើសុំក្រុមអាជីវករចាំបាច់ត្រូវ ទាក់ទងទៅក្រសួងជំនាញ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីសុំការឯកភាពលើគំរូម៉ូតសម្លៀកបំពាក់ដែលត្រូវ ប្រើប្រាស់សម្រាប់ជួលដល់អតិថិជន»។

សារមន្ទីរជាតិកម្ពុជា បន្ថែមថា កន្លងមកមានករណីប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការរចនាគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ ហេតុនេះទើបសារមនី្ទរជាតិស្នើឲ្យមានការឆ្លងយោបល់ពី អ្នកជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជៀសវាងកំហុសឆ្គងក្នុងការផ្សព្វផ្សាយ ដែលប្រាសចាកទម្រង់ដើម និងគ្មានមូលដ្ឋានច្បាស់លាស់។

សារមនី្ទរជាតិកម្ពុជា ក៏ទទូចស្នើសុំអាជីវករទាក់ទងទៅក្រសួងជំនាញដើម្បីសុំឆ្លងយោបល់លើគំរូម៉ូត សម្លៀកបំពាក់ដែលនឹងដាក់ជួលថត ឬស្លៀកពាក់ និងសុំការអនុញ្ញាតចូលថតរូបក្នុងបរិវេណខាងមុខអគារសារមន្ទីរជាតិ។ ប្រសិនបើ អាជីវករ គោរពតាមលក្ខខណ្ឌនេះ សារមន្ទីរជាតិរីករាយស្វាគមន៍៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ