នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រុមមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត បានចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន ០២ កន្លែង មានឈ្មោះ ម្លប់ជ្រៃត្រជាក់ចិត្ត និង រស់ រតនា ម៉ែក្មេក ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានដាក់ពាក្យស្នើស៉ំប្រែក្លាយទៅជាភោជនីយដ្ឋានទេសចរណ៍ (បណ្តោះអាសន្ន) តាមយន្តការច្រកចេញចូលតែមួយរដ្ឋបាលខេត្តសៀមរាប។ មន្ត្រីជំនាញបានណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មទាំងពីរ ត្រូវគោរពអោយបាននូវវិធានសុវត្ថិភាពនានា របស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ចាំបាច់មួយចំនួន ដោយត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលនិងសង្គម រៀបចំម៉ាស៉ីនវាស់កម្តៅ ទឹកអាកុល ឬជែលលាងដៃ បុគ្គលិកត្រូវពាក់ម៉ាស់ការពារ រក្សាអនាម័យសុវត្ថិភាពម្ហូបអាហារ និងមិនអនុញ្ញាតអោយមានសកម្មភាពប្រគ៉ំតន្រ្តី និងច្រៀងខារ៉ាអូខេក្នុងបន្ទប់ជាដាច់ខាត។
សូមម្ចាស់អាជីវកម្មបៀរហ្គាឌិន ស្កាយបារ បារបារំាង ក្នុងខេត្តសៀមរាបទាំងអស់ អញ្ជើញដាក់ពាក្យស្នើស៉ំច្បាប់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋាន ទើបអាចប្រកបអាជីវកម្មបាន៕ SP