រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយយោងតាមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សូមជម្រាបថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។
ការផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ ស្របពេលដែលកម្ពុជា កំពុងប្រយុទ្ធនឹងបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសាកលលោកផងដែរ។
គួរបញ្ជាក់ថា កម្ពុជាបានធ្វើការផ្អាក ពិធីបុណ្យអុំទូកចំនួន៤ ដង រួចមកហើយ គឺនៅឆ្នាំ២០១១ ក្រោយពីព្រឹត្តិការណ៍ជាន់គ្នាស្លាប់អ្នកដើរកម្សាន្តជាង៣៥០នាក់នៅលើស្ពានកោះពេជ្រ នៅឆ្នាំ២០១២ ក្រោយពីការសោយទិវង្គតរបស់ព្រះបរមរតនៈកោដ្ឋសម្ដេចព្រះបាទនរោត្តមសីហនុ និងនៅឆ្នាំ២០១៣ ក្រោយពីការបោះឆ្នោតជាតិនៅខែកក្កដា និង ឆ្នាំ២០១៥ ដោយសាទឹកទន្លេមានកម្រិតទាបពេក ៕SP