នាយឧត្តមសេនីយ៍ ស ថេត ណែនាំមន្ត្រីនគរបាល ត្រូវកែសម្រួលអត្តចរិត និងខិតខំបំពេញការងារ ដើម្បីលើកមុខមាត់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំទៅថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ ត្រូវកែសម្រួលអត្តចរិត និងខិតខំបំពេញភារកិច្ចការងារ ឲ្យបានល្អប្រសើរ ដើម្បីលើកមុខមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ។
ក្នុងឱកាសប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា មន្ត្រីនគរបាលទាំងអស់ត្រូវចងចាំថា ការទទួលបាននូវភារកិច្ចតួនាទីរបស់ខ្លួន សុទ្ធសឹងតែជាការទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំពីជំនានមុន រហូតដល់បច្ចុប្បន្ន ដូចនេះត្រូវបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ ។
អគ្គស្នងការ បានបន្តថា ការបំពេញភារកិច្ចនេះ ត្រូវធ្វើទៅតាមច្បាប់ មិនត្រូវធ្វើអ្វីដែលខុស ដើម្បីផលប្រយោជន៍ខ្លួន ប៉ះពាល់ប្រយោជន៍របស់ប្រជាពលរដ្ឋ និងធ្វើឲ្យអាប់អោនដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ នៅក្នុងអាណត្តិថ្មី នឹងធ្វើឲ្យមានការរិះគន់ពីមហាជន ។
អគ្គស្នងការ បានបន្ថែមថា ចំពោះការបម្រើសេវាជូនប្រជាពលរដ្ឋ គឺនៅតាមប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវមានកម្លាំងនៅប្រចាំការ មិនមែនពេលមានពលរដ្ឋទៅដាក់ពាក្យបណ្ដឹង គ្មានអ្នកចាំទទួលបណ្ដឹង ធ្វើឲ្យពួកគេពិបាកក្នុងការសុំអន្តរាគមន៍ពីសមត្ថកិច្ច នៅពេលមានកើតហេតុណាមួយ ។ មួយវិញទៀតប្រព័ន្ធ Hot Line ត្រូវមានអ្នកប្រចាំការ ២៤ម៉ោងលើ២៤ ដើម្បីលើកទូរស័ព្ទឆ្លើយតបការសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ៕EB