ភ្នំពេ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមានមិនឲ្យរថយន្តពេទ្យ រថយន្តកងកម្លាំងប្រដាប់អាវុធ ឬរថយន្តអ្នកធំណាម្នាក់ រត់ពន្ធមនុស្ស ដោយដឹកអ្នកដំណើរពីខេត្តចូលភ្នំពេញ ឬពីភ្នំពេញទៅខេត្តនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមក មានមនុស្សមួយចំនួន លួចចេញពីភ្នំពេញ ទៅខេត្តព្រៃវែង និងខេត្តក្រចេះ ជាដើម ហើយទៅដល់រកឃើញកើតកូវីដ១៩ នៅខេត្តនោះ។ ដូច្នេះត្រូវតែរឹតបន្តឹងករណីនេះ។

សម្តេចតេជោ ក៏បានលើកឡើងថា ពេលនេះ សម្តេចទទួលដំណឹងថា មានការរត់ពន្ធមនុស្ស ដោយប្រើរូបភាពឡានពេទ្យ ដូច្នេះសម្តេចផ្តាំថា មិនអាចដាក់អ្នកដំណើរចេញចូលរាជធានីភ្នំពេញ តាមរូបភាពរថយន្តពេទ្យ រថយន្តយោធា កងនគរបាល ឬអ្នកធំណាមួយ ដែលទទួលសិទ្ធិអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញនោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ក្នុងពេលបិទខ្ទប់នេះ នៅតែមានប្រជាពលរដ្ឋអាចធ្វើចរាចរ ការប្រាស្រ័យទាក់ទងគ្នា និងឆ្លងខេត្ត ជាដើម។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បង្កើនការអនុវត្តន៍វិធានការនេះដោយម៉ឺងម៉ាត់បំផុត.

សូមរំលឹកថា កាលពិថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នសម្រាប់ រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ