កណ្ដាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានជំរុញឱ្យដាក់កាមេរ៉ាសុវត្ថិភាពកាន់តែច្រើន ដើម្បីចាប់ល្បឿនរថយន្តធ្វើដំណើរតាមដងផ្លូវ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា គោលការណ៍នៃការគោរពច្បាប់ចរាចរណ៍ រដ្ឋាភិបាលបានដាក់ចេញរួចអស់ហើយ តែមិនដឹងថាបានយកទៅអនុវត្តន៍ក្នុងកម្រិតណានោះទេ។ ដូច្នេះហើយមានតែការចុះអប់រំ និងណែនាំពួកគេឱ្យមានការភ្ញាក់រលឹក នៅពេលដែលធ្វើដំណើរលើដងផ្លូវ គឺត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ មិនបើកបរលើសល្បឿនកំណត់ និងមិនវ៉ាជែង។ 

សម្ដេចក្រឡាហោម គូសបញ្ជាក់ថា «អ្វីដែលចាំបាច់បំផុតនោះគឺត្រូវខិតខំរកកាមេរ៉ាសុវត្ថិភាព ដើម្បីយកមកផ្ដិតរូបនៅតាមដងផ្លូវ។ ឧបករណ៍ពិតជាថ្លៃ តែវាមិនថ្លៃដូចជីវិតមនុស្សនោះទេ។ អ្នកបើកបរតាមផ្លូវល្បឿនលឿន បើកឡានហាក់ដូចជារំជើបរំជួលចិត្តបន្តិច អ៊ីចឹងចេះតែជាន់ៗទៅ មិនបានប្រុងប្រយ័ត្នពីបញ្ហាគ្រោះថ្នាក់»។

សូមរំលឹកថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៣ ធៀបនឹងក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយចំនួន ១៥៤លើក ស្មើនឹង ១៣ភាគរយ (១.០១១/១.១៦៥លើក អ្នកស្លាប់បានថយចុះ ១៨០នាក់ ស្មើនឹង ២៦ភាគរយ (៥០២/៦៦២នាក់ អ្នករបួសបានថយចុះចំនួន ៣០១នាក់ ស្មើនឹង ១៨ភាគរយ (១.៣៦៣ លើ១.៦៦៤នាក់)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ