ភ្នំពេញ ៖ ក្រោយពីរាជរដ្ឋាភិបាលចេញវិធានការទប់ស្កាត់នាំចូលផលិតផល បារីអេឡិចត្រូនិក និងអេចល្ប៍ ធី ភី (HTPs) លោក មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានសាទរចំពោះចំណាត់ការនេះ ដោយហេតុថា យុវជនខ្មែរមួយចំនួនកំពុងប្រើប្រាស់ឧបករណ៍ បារីអេឡិចត្រូនិក និងHTPs ដែលមានកត្តាហានិភ័យយ៉ាងធំ នៃការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំស្ដីពី ចាត់វិធានការបង្ការទប់ស្កាត់ ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចល្ប៍ ធី ភី (HTPs) នៅកម្ពុជា។ ក្នុងសេចក្ដីណែនាំនេះ ក៏ហាមឃាត់ការប្រើប្រាស់ ការនាំចូល ការជួញដូរ និងការធ្វើអាជីវកម្ម បារីអេឡិចត្រូនិកគ្រប់ប្រភេទ រួមបញ្ចូលទាំង HTPs ផងដែរ ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការចលនា ដើម្បីសុខភាពកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក មុំ គង់ បានថ្លែងថា «ការដាក់ចេញនូវសេចក្តីណែនាំនេះ បានរួមចំណែកដល់ការទប់ស្កាត់ ការរាតត្បាតចូល សហគមន៍ នៃជំងឺកូវីដ១៩ ដែលប្រទេសកម្ពុជា កំពុងយកចិត្តទុកដាក់ ។ មានយុវជនកម្ពុជាមួយចំនួន កំពុងប្រើប្រាស់ឧបករណ៍ ជក់បារីអេឡិកត្រូនិក និង HTPs រួមគ្នាដែលជាកត្តា ហានិភ័យយ៉ាងធំ នៃការចម្លងជំងឺកូវីដ១៩ ពីម្នាក់ ទៅម្នាក់»។

លោកសង្កេតឃើញថា បារីអេឡិចត្រូនិក និងHTPs ត្រូវបានគេផ្សព្វផ្សាយលក់យ៉ាងគគ្រឹកគគ្រេង តាមរយៈបណ្ដាញព័ត៌មានសង្គមធ្វើឲ្យពលរដ្ឋ ជាពិសេសយុវជនចាប់ផ្ដើម និងបន្តការប្រើប្រាស់។ អាជ្ញាធរជាតិប្រយុទ្ធប្រ ឆាំងគ្រឿងញៀន បានឲ្យដឹងថា ការប្រើប្រាស់បារីអេឡិកត្រូនិក និងHTPs អាចជាច្រកទ្វារមួយទៅកាន់ការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ផ្សេងទៀត។

សូមបញ្ជាក់ថា អង្គការសុខភាព ពិភពលោក (WHO) បានបញ្ជាក់ថា ការប្រើប្រាស់បារី អេឡិចត្រូនិក និងអេចល្ប៍ ធី ភី (HTPs) បណ្ដាលឲ្យញៀន និងកើតជំងឺសួតធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត ។ យោងតាមមជ្ឈមណ្ឌលពិនិត្យត្រួតពិនិត្យជំងឺ (Centers for Diseases Control (CDC) នៃសហរដ្ឋអាមេរិក បានឲ្យដឹងថា ការប្រើប្រាស់បារី អេឡិចត្រូនិក HTPs បង្កើនហានិភ័យ នៃជំងឺបេះដូង និងជំងឺសួត ហើយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ នៅអាមេរិករងរបួសសួត ប្រមាណជិត ៣០០០ករណី ពាក់ព័ន្ធការប្រើប្រាស់ បារីអេឡិកត្រូនិច និងHTPs ក្នុងនោះ មានអ្នកស្លាប់ជិត៧០នាក់ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ