ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំណូមពរឲ្យប្រជាពលរដ្ឋ ផ្លាស់ប្តូរមុខរបរដែលធ្លាប់បរ បាញ់សត្វ មកចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះថា ការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់។

ក្នុងវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផល ក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លោក សាយ សំអាល់ បានណែនាំ និងពន្យល់បកស្រាយ ជូនដល់ប្រជាពលរដ្ឋ កុំបន្តមានទំនាស់ដីធ្លី កើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃដែល មាននៅក្នុងតំបន់នោះទាំងអស់គ្នា។

លោកបានថ្លែងថា «សំណូមពរឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរមុខរបរ ដែលធ្លាប់បរបាញ់សត្វ មកជាការចូលរួមចិញ្ចឹម សត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់»។

លោកក៏បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹមសត្វយកសាច់ ដូចជា គោ ក្របី ហើយជាពិសេសនោះ គឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹមក្នុងព្រៃសហគមន៍បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេល វេលាតិច ចំណេញច្រើន។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីបរិស្ថាន លើកឡើងថា «យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋមានបាន នោះនឹងមានការចូលរួមកាន់តែសកម្មក្នុង ការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ