ភ្នំពេញ ៖ គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានណែនាំដល់ប្រតិបត្តិការល្បែងផ្សងសំណាងនៅកម្ពុជា ដាច់ខាតមិនត្រូវលួចលាក់បង្កប់កត់បន្ទុយលេខខុសច្បាប់ឡើយ។
យោងតាមសេចក្ដីណែនាំរបស់ គ.ល.ក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិករល្បែងផ្សងសំណាងដែលទទួលបានអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិតបញ្ជាក់នីតិភាពពី គ.ល.ក អាចធ្វើប្រតិបត្តិការអាជីវកម្មដោយស្របច្បាប់នៅកម្ពុជា។
គ.ល.ក បន្ដថា ប្រតិបត្តិករល្បែងផ្សងសំណាង ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណ អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និងលិខិតអនុញ្ញាតជាប៉ុស្ដិ៍សេវាពី គ.ល.ក។ ជាពិសេស ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាធរបណ្ណសាខាល្បែងផ្សងសំណាង និងលិខិតអនុញ្ញាតជាប៉ុស្ដិ៍សេវាពី គ.ល.ក ប្រសិនបើមានបំណងធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងផ្សេងទៀត ក្រៅពីទីតាំងដែលបានបញ្ជាក់នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិតបញ្ជាក់នីតិភាព។
គ.ល.ក បន្ថែមថា ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាង អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និងលិខិតអនុញ្ញាតជាប៉ុស្ដិ៍សេវាពី គ.ល.ក ឬលិខិតបញ្ជាក់នីតិភាពច្បាប់ដើម នៅទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។ ត្រូវបំពេញចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាងប្រចាំខែ និងត្រូវបង់មូលនិធិសង្គមរបស់ គ.ល.ក ឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា។
គ.ល.ក បានបញ្ជាក់ថា «ហាមឃាត់ដាច់ខាតនូវរាល់សកម្មភាពលួចលាក់បង្កប់កត់កន្ទុយលេខខុសច្បាប់។ ក្នុងករណីប្រតិបតិ្តករល្បែងផ្សងសំណាង មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មរដ្ឋបាល ឬពិន័យអន្ដរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគិតយុត្តជាធរមាន»៕EB