ភ្នំពេញ ៖ បុគ្គលមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬថ្នាំញៀន បុគ្គលយកមកជាមួយអាវុធគ្រប់ប្រភេទ បុគ្គលមានអាយុក្រោម១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរទូទៅ រួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ ពុំត្រូវបានអនុញ្ញាត និងហាមដាច់ខាត មិនឲ្យចូលលេងល្បែងស៊ីសង នៅក្នុងកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ។ នេះបើតាមរយៈសេចក្ដីណែនាំស្ដីពី ការរឹតត្បិតពីការលេងល្បែង ក្នុងកាស៊ីណូនៅកម្ពុជា នាថ្ងៃទី៥ តុលា ។

គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា «នៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គល៖ ក. បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធន ដោយតុលាការ។ ខ. បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន ។ គ.បុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។ ឃ. បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ និង. ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិ ដោយការបោះឆ្នោត» ។

ប្រភពបន្ថែមថា ការចូលលេងល្បែងនៅក្នុងកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ក៏ត្រូវបានហាមឃាត់ចំពោះកម្មករ និយោជិតរបស់ប្រតិបត្តិករកាស៊ីណូ ឬប្រតិបត្តិករល្បែងពាណិជ្ជកម្មនៃគ្រឹះស្ថានល្បែងពាណិជ្ជកម្មដែលពួកគេកំពុងបម្រើការនៅទីនោះ។

ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីធានាថា បុគ្គលដែលត្រូវបានរឹតត្បិតខាងលើ មិនចូលលេងល្បែងក្នុងកាស៊ីណូ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានធ្វើការណែនាំឲ្យប្រតិបត្តិករ និងកម្មសិទ្ធិករកាស៊ីណូ ត្រូវខណ្ឌចែកកន្លែងលេងល្បែងច្បាស់លាស់ និងដាក់ស្លាកសញ្ញាសម្គាល់សមស្របដើម្បី បង្ហាញទីតាំងលេងល្បែង, ត្រូវដាក់ស្លាកសញ្ញាហាមឃាត់ ចំពោះបុគ្គលដែលត្រូវបានរឹតត្បិតពីការលេងល្បែង នៅច្រកទ្វារចូលបរិវេណកាស៊ីណូ, ត្រូវមានកម្លាំងភ្នាក់ងារសន្តិសុខ និងមានយន្តការតាមដានត្រួតពិនិត្យ ការចូលលេងល្បែង របស់ភ្ញៀវល្បែងឲ្យមានប្រសិទ្ធភាព, ត្រូវហាមឃាត់បុគ្គលដែលត្រូវបានរឹតត្បិត ពីការចូលលេងល្បែងនៅក្នុងកាស៊ីណូរបស់ខ្លួន និង បណ្តេញបុគ្គលទាំងនោះចេញពីទីតាំងលេងល្បែង និងត្រូវរក្សាទុករបាយការណ៍បច្ចុប្បន្នកម្ម អំពីការរឹតត្បិតភ្ញៀវចូលលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ