គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងគ្រប់ប្រភេទ តាមបណ្តាញសង្គម
ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រប់មធ្យោបាយ និងហាមឃាត់រាល់ការផលិតមាតិការតាមបណ្តាញសង្គម ដែលទាក់ទងការជំរុញឱ្យពលរដ្ឋប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយថ្មីៗនេះ បានពិនិត្យ ឃើញថា នាពេលថ្មីៗនេះ មានសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម ដោយពុំមានការ អនុញ្ញាតពី គ.ល.ក. និងមានសកម្មភាពផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសាធារណជន និងបុគ្គលដែលមានប្រជាប្រិយភាព (Influencers) ក្នុងការផ្សព្វផ្សាយ ផលិតវីដេអូខ្លីៗ និងបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយនានា ដែល មានខ្លឹមសារអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែង ដែលផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងបង្កឱ្យមានជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
ដើម្បីពង្រឹងការអនុវត្តច្បាប់ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ សង្គម អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមធ្វើការណែនាំដូចខាងក្រោម៖
ទី១-ប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ និងគ្រប់មធ្យោបាយរហូតដល់មានការជូនដំណឹងជាថ្មី។
ទី២-អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលពាក់ព័ន្ធ ផ្សេងទៀត ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការផលិត ការផ្សព្វផ្សាយ ឬការចែកចាយវីដេអូនិង/ឬ មាតិកាកម្សាន្តដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។
ទី៣-រាល់សកម្មភាពពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយ ឬចែកចាយវីដេអូដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់រូបភាព ជាសកម្មភាពខុសច្បាប់៕