ភ្នំពេញ ៖ តាមការអញ្ជើញ លោករដ្ឋមន្រី្តការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេស នៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

តាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាស៊ាន និង លោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេស សហរដ្ឋអាមេរិក រំពឹងថា នឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រួមទាំងលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមបណ្តាលមកពី ការរាតត្បាតនៃជំងឺកូវីដ-១៩។  ទន្ទឹមនេះ ក៏អាចមានការពិគ្រោះយោបល់គ្នាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការចាប់អារម្មណ៍រួម។ 


ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញបន្ថែមទៀត ភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ