ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរចំពោះក្រសួងមហាផ្ទៃ និងក្រសួងចំនួន ៣ទៀត ធ្វើកិច្ចការងារបានល្អ នៅពេលបញ្ជូនឯកសារមកនាយករដ្ឋមន្ដ្រី ពិនិត្យ និងសម្រេចអ្វីមួយ។ ខណៈ សម្ដេច អង្វរដល់រដ្ឋមន្ត្រីមួយចំនួនទៀត មុនចុះហត្ថលេខាលើឯកសារណាមួយ ត្រូវពិនិត្យឲ្យបានច្បាស់សិន

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្រសួងចំនួន៤ ធ្វើកិច្ចការងារល្អ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច»។

សម្ដេចតេជោ បន្ដថា សម្ដេច បានចារប៉ិចក្រហមលើឯកសាររបស់រដ្ឋមន្ត្រីមួយចំនួន ដែលបានផ្ញើមកសម្ដេចខុសអក្ខរាវិរុទ្ធ ឬកាលបរិច្ឆេទ ជាដើម។ សម្តេច ក៏បានប្រកាសអំពាវនាវដល់មន្ត្រី ដែលដឹងថាខ្លួនឯងមានចំណេះដឹងខ្វះខាត ដើម្បីឆ្លងតបនឹងការបំពេញការងារប្រចាំថ្ងៃ សូមទៅរៀនឡើងវិញនៅសាលាភូមិន្ទរដ្ឋបាល ដោយចាប់ផ្តើមពីកម្រិតដែលខ្លួនឯងខ្វះខាតតែម្តង។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់គ្រឹះស្ថានឧត្ដមសិក្សានានា ពង្រឹងប្រសិទ្ធភាពនៃការអប់រំរបស់ខ្លួនត្រូវ មានគុណភាពនៃការអប់រំដូចគ្នា រវាងគ្រឹះស្ថានឧត្ដមសិក្សានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដើម្បីផ្ដល់គុណអប់រំពិតប្រាកដដល់និស្សិត។សម្តេច បានប្រកាសឲ្យមានស្មារតីរៀនជាប់ជានិច្ច ទោះជាសិក្សាដល់កម្រិតថ្នាក់ណា ឬមានតួនាទីក្នុងស្ថាប័នកំពូលរបស់ជាតិកម្រិតណាក៏ដោយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ