សៀមរាប ៖ មនុស្សចំនួន ៣នាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារ ពាក់ព័ន្ធរំលោភបូកលើក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ នៅខេត្តសៀមរាប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៨ ខែឧសភានេះ បានបញ្ជាក់ថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីនគរបាលយុត្តិធម៌បាននាំខ្លួន ជនត្រូវចោទចំនួន ៣ នាក់ បន្ថែមទៀត មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹង សំណុំរឿង "រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស” (ករណីរំលោភបូក) ។ ក្រោយពីបានសួរចម្លើយជនត្រូវចោទ ទាំងបីនាក់រួចមក និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់ ចៅក្រម ស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទខាងលើជាបណ្ដោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ជនត្រូវចោទដែលមានការពាក់ព័ន្ធ នៅក្នុងសំណុំរឿងខាងលើ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នបានចំនួន ៨ នាក់ ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនថា សាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការ សំណុំរឿងនេះឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធ ទាំងអស់។

គួរបញ្ជាក់ដែរថា ក្មេងស្រីរូបនេះ ត្រូវជនសង្ស័យ២០នាក់ បានប្រព្រឹត្តអំពើរំលោភសេពសន្ធវៈនៅ៣ទីតាំងផ្សេងគ្នា និង៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៥ ១៦ និងទី១៧ ខែមេសាកន្លងទៅ។ បច្ចុប្បន្នក្មេងស្រីរងគ្រោះ ត្រូវបានអង្គការ AFESIP Cambodia នៅភ្នំពេញ ទទួលយកទៅស្នាក់នៅ និងរៀនសូត្រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ