កម្លាំងគយចល័តតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវធហត្ថលើផ្ទៃប្រទេស បង្ក្រាបរថយន្តលួចនាំចូលគេចពន្ធ ចំនួន២គ្រឿង ពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជា តាមច្រករបៀងប៉ុស្តិ៍អន្តរជាតិត្រពាំងផ្លុង ។ ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង ១និង១៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅចំណុច ភូំមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។
កម្លាំងជំនាញបានចាប់ឃាត់រថយន្តគ្មានពន្ធនាំចូលចំនួនពីរគ្រឿង គឺរថយន្ត Chevrolet ផលិតឆ្នាំ ២០១៩ និងរថយន្ត Lexus GS 300។ ម្ចាស់រថយន្ត ជាមេឈ្មួញឈ្មោះ ម៉ៅ វណ្ណៈ ហៅសុខគា បានលួចនាំចូលរថយន្តអត់ពន្ធកន្លងមកជាញឹកញាប់ ដោយប្រើល្បិចបំភាន់ភ្នែកសមត្ថកិច្ច។ មេខ្លោងឈ្មោះ ម៉ៅ វណ្ណៈ បានសារភាពថា ខ្លួនធ្លាប់ត្រូវបានមន្ត្រីគយចល័តតំបន់១ ចាប់រថយន្តអត់ពន្ធ ដែលខ្លួនលួចនាំចូលកន្លងមក ម្តងរួចមកហើយ ហើយក្នុងមួយខែ ខ្លួនលួចនាំចូលរថយន្តមកពីប្រទេសវៀតណាម ចូលកម្ពុជា បានប្រមាណពី១៧ ទៅជាង២០គ្រឿង ដោយយកស្លាកលេខ នគរបាលជាតិ និងខ.ម ទៅបំពាក់គ្រប់រថយន្តដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។
បើតាមឈ្មោះ ម៉ៅ វណ្ណៈ បាននិយាយថា អ្នកលួចនាំចូលរថយន្តអត់ពន្ធមកកម្ពុជានេះ នៅមានឈ្មោះ ប៊ុន ធឿន ម្នាក់ទៀត។ បច្ចុប្បន្ន រថយន្ត២គ្រឿងដែលសមត្ថកិច្ចចាប់បាន ត្រូវបានរក្សាទុកនៅទីតាំងគយចល័តនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕SS