ភ្នំពេញ ៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០សមត្ថកិច្ចបានចាប់ខ្លួនមេតុងទីនដ៏ល្បីឈ្មោះប្រចាំផ្សារទឹកថ្លា ម្នាក់ឈ្មោះ ប៉ាន មុនីរ័ត្ន ករណីឆបោកប្រាក់កូនតុង ទីនរាប់ម៉ឺនដុល្លារ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរមេតុងទីន រូបនេះ មុននឹងសម្រេចថា ឃុំខ្លួនឬមិនឃុំខ្លួន ខណៈលេចឮព័ត៌មាន មានអ្នកកំពុងរត់ការខ្វាត់ខ្វែង ដើម្បីអោយមានការដោះលែង មេតុងទីន រូបនេះ ។ មេតុងទីន ប៉ាន មុន្នីរ័ត្ន អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិគ្រិះមង្គលមុនីសិរី ផ្លូវលំភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ខណៈទឹកប្រាក់ដែលឈ្មោះ ប៉ាន មុនីរ័ត្ន និង ប្តីឈ្មោះសុផា តុល បានប្រមូលពីកូនតុងទីនយកទៅចាយហ៊ឺហារខ្លួនឯង នោះមានចំនួនជាង២០ម៉ឺនដុល្លារ ដែលចំនួននេះ គឺមានដើមបណ្តឹងមានតែ៥នាក់ប៉ុណ្ណោះ ដែលបានដាក់ពាក្យប្តឹង ។ ចំណែកកូនតុងទីនរាប់សិបនាក់ទៀត មិនទាន់ឃើញដាក់ពាក្យប្តឹងនៅឡើយទេ ។
ពាក់ព័ន្ធនឹងសំណុំរឿងមេតុងទីននេះ គឺ ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ឈ្មោះប៉ាន មុនីរ័ត្ន និង ប្តី សុផា តុល បានធ្វើជាមេតុងទីន មានក្បាល៥០ដុល្លារក្បាល ១០០ដុល្លារ ក្បាល២០០ដុល្លារ មានដេញប្រចាំថ្ងៃ ដេញប្រចាំសប្តាហ៍ និងដេញប្រចាំខែ ដោយក្បាលខ្លះមានកូនតុងទីនចាប់ពី៧០នាក់ រហូតដល់១៣០នាក់ ដែលភាគច្រើនជាអាជីវករដែលលក់ដូរក្នុងផ្សារទឹកថ្លា និងអ្នកភូមិ។
តុងទីននេះដំណើរការរហូតមកដល់ចុងឆ្នាំ២០១៩ ដោយកូនៗបង់លុយរហូតមក។ លុះមកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃដែលមានកូនតុងទីន៥នាក់ ត្រូវប្រមូលប្រាក់មកវិញ ស្រាប់តែមេតុងទីនឈ្មោះប៉ាន មុន្នីរ័ត្ន និងប្តី សុផា តុល បានគេចខ្លួនបាត់រហូតមក ទើបម្ចាស់លុយសម្រេចដាក់ពាក្យប្តឹង ។
មេតុងទីន ប៉ាន មុនីរ័ត្ន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ខណៈកូនតុងទីន សំណូមពរអោយតុលាការ កុំដោះលែងជននេះ ព្រោះគេមានបំណងគេចវេសមិនសងប្រាក់កូនតុងទីន ឡើយ ។ បើមានការដោះលែងមែន គឺមេតុងទីន រូបនេះ ប្រាកដជាគេចខ្លួនបាត់ស្រមោល ទៀតហើយ ៕