ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកំណត់ថា នៅថ្ងៃណាមួយដែលទំនេរពីកិច្ចការងារនានា នឹងយកពេលវេលាឡើងលើអាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ ដើម្បីមើលទិដ្ឋភាពទីក្រុងថា មានការរីកចម្រើនប៉ុណ្ណា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣នេះ។

សម្តេចតេជោ បន្តថា រាល់ការមើលទិដ្ឋភាពពីក្រុងភ្នំពេញ ដែលមានការរីកចម្រើនជាបន្តបន្ទាប់នោះ គឺសម្តេចបានតែទស្សនាតាមរយៈរូបថត និងវិដេអូប៉ុណ្ណោះដែលគេផ្ញើមកសម្តេច ដោយសម្តេចពុំដែលបានដើរទៅលើអាគារខ្ពស់ៗនោះទេ ។

សម្តេចថា បើមានឱកាសមើលទិដ្ឋភាពស្អាតៗតាមរយៈឡើងលើអាគារខ្ពស់ៗនោះ សម្តេចនឹងថតរូបខ្លួនឯងដើម្បីឲ្យឃើញថា រីកចម្រើនប៉ុណ្ណា ។

សម្តេច គូសបញ្ជាក់ថា «ចាំមើលថ្ងៃណាមួយទំនេរ ឡើងអាគារខ្ពស់មើលទីក្រុង យកពេល១ថ្ងៃ ពេញតែម្តង ដើរពីព្រឹកទល់យប់ ។ ដល់ពេលថ្ងៃសម្រាកបាយហើយ ក្រោកពីដេកដើរមើលបន្តទៀត»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ