ភ្នំពេញ ៖ «ការផលិតមូលធនមនុស្សដែលពោរពេញដោយសមត្ថភាព គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដូច្នេះ «ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង»។
នេះគឺជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅចំពោះមុខគរុនិស្សិតសរុបប្រមាណជិត ៧០០នាក់ ដែលបានមកចូលរួមស្តាប់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះនៅឯវិទ្យាស្ថានជាតិអប់រំ។
លោក បន្តថា គរុសិស្ស និងគរុនិស្សិត គឺជាអនាគតអ្នកបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ។ ដូច្នេះ ប្រាកដណាស់ថា ក្មួយៗត្រូវតែជាគំរូទាំងចំណេះជំនាញ ទាំងសីលធម៌ សុជីវធម៌ និងសុខភាព។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តឱ្យគរុនិស្សិតទាំងអស់ក្លាយខ្លួនទៅជាមូលធនមនុស្សពិតប្រាកដដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មុននឹងឈានជើងចូលក្នុងថ្នាលបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ។
«មូលធនមនុស្សដែលរាជរដ្ឋាភិបាលចង់បាន គឺជាមនុស្សដែលមានចំណេះជំនាញខ្លាំងពូកែយ៉ាងតិចមួយ មានទាំងជំនាញទន់ ទាំងសីលធម៌ល្អ និងសុខភាពមាំមួន»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលមុននឹងពន្យល់ក្បោះក្បាយអំពីអត្ថន័យនៃមូលធនមនុស្ស៕