ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា រយៈពេលជាង ៣ខែ ចាប់ពីថ្ងៃទី១៨ ខែសីហា មកដល់ខែវិច្ឆិកា ២០២២ កន្លងទៅ សមត្ថកិច្ចរកឃើញមនុស្សចំនួន ១១២២នាក់ ក្រោយសុំឱ្យធ្វើអន្តរាគមន៍ជួយសង្គ្រោះ ក្នុងគេហទំព័ហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង។

ក្នុងទិវាជាតិប្រឆាំងការជួះដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចព្រងើយកន្តើយបានឡើយ ហើយត្រូវឆ្លើយតបជាបន្ទាន់ តាមវិធានការបោសសម្អាតបទល្មើសយ៉ាងមានប្រសិទ្ធភាពនោះគឺ «ផែនការប្រតិបត្តិ ការបង្កើនការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទំរង់ និងបទល្មើសពាក់ព័ន្ធ» តាមសេចក្ដីសម្រេចរបស់ គ.ជ.ប.ជ និងបង្កើតក្រុមការងារប្រតិបត្តិការដឹកនាំដោយ អគ្គស្នងការនគរបាលជាតិ និងបើកយុទ្ធនាការនៅទូទាំងប្រទេស រុករកបទល្មើស បណ្តាញជនល្មើស និងសង្គ្រោះជនរងគ្រោះ នៅតាមទីតាំងដែលមានការសង្ស័យយ៉ាងសកម្ម។

លោកស្រី បញ្ជាក់ថា «៦៧៦សំណើ ត្រូវបានដាក់ចូលក្នុងគេហទំព័រហ្វេសប៊ុក សម្តេចក្រឡោហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយផ្ទាល់ និងត្រូវបានស៊ើបអង្កេត និងបង្ក្រាបបទល្មើសបន្តបន្ទាប់។ ជាលទ្ធផលគិតចាប់ពីថ្ងៃទី១៨ ខែសីហា មកដល់វិច្ឆិកា ២០២២ កន្លងទៅ គឺក្នុងចំណោមអ្នកដែលបានប្រកាសថា ជាជនរងគ្រោះ សុំឱ្យធ្វើអន្តរាគមន៍ជួយសង្គ្រោះ យើងបានរកឃើញមនុស្សចំនួន ១១២២នាក់ ស្រី ១២១នាក់ ហើយក្នុងចំណោមជនទាំងនោះ អ្នកដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំងខ្លួន និងពលកម្មដោយបង្ខំ ១៥៣នាក់ ស្រី ១៨នាក់ មាន ៦សញ្ចាតិ និងដោយអំពើចំណែកជនក្រៅពីនេះ បានបដិសេធថា ខ្លួនមិនបានទទួលភាពរងគ្រោះទេ និងមានបំណងចង់ប្ដូរទៅទីតាំងការងារថ្មីដែលមាន ប្រាក់ខែខ្ពស់ជាងនេះ ឬថា គ្រាន់តែជាការបារម្ភរបស់ក្រុមគ្រួសារតែប៉ុណ្ណោះ»។

លោកស្រី រដ្ឋលេខាធិការ បន្ថែមថា ទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែនាំចេញពីទីតាំងដែលពាក់ព័ន្ធនឹងបទល្មើស ដើម្បីសុវត្ថិភាពពលករ និងមិនអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះវិញឡើយ។ គិតពីចាប់ផ្តើមប្រតិបត្តិការដល់ត្រឹម ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យ ២២នាក់ មាន ៣សញ្ជាតិ ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស ២នាក់ និងជនសង្ស័យពាក់ព័ន្ធនឹងអំពើជួញដូរផ្លូវភេទ ៤នាក់ ១សញ្ជាតិ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់កម្ពុជា។ ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសចំនួន៥ ត្រូវបានបិទជាស្ថាពរ និង៤ ទីតាំងបិទបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកបទល្មើស។

លោកស្រី បន្ថែមថា ក្រោមវិសាលភាពនៃការអភិវឌ្ឍន៍រីកចម្រើន វិស័យសំណង់ហេដ្ឋាចនាសម្ព័ន្ធ វិស័យសេវាកម្ម វិស័យ ពាណិជ្ជកម្មវិស័យឧស្សាហកម្ម, វិស័យកសិកម្ម បរិស្ថាន និងការអភិវឌ្ឍន៍ជនបទ បានបង្កើនការងារឱ្យ ប្រជាពលរដ្ឋក្នុងស្រុករាប់សែននាក់ ។ ទន្ទឹមនឹងនោះ ប្រជាជនមួយចំនួន នៅតែមានបំណងចេញទៅរក ការងារនៅក្រៅប្រទេសដោយប្រថុយប្រថាន មិនស្តាប់ការអប់រំណែនាំមិនតាមដានព័ត៌មានដែលមានប្រយោជន៍ តែបែរជាស្លាប់ និងជឿការអូសទាញ ភូតភពីមេខ្យល់ ធ្វើឱ្យពួកគាត់ឆ្លាក់ទៅក្នុងអំពើជួញដូវ មនុស្ស និងខាតបង់យ៉ាងធ្ងន់ធ្ងរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ