រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែលមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើជាប្រធាន។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ចែកចែញជា ២ដំណាក់កាល ដែលដំណាក់កាលទី១ ពីភ្នំពេញទៅខេត្តសៀមរាប មានប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាប ទៅប៉ោយប៉ែត មានប្រវែង ១៥០គីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលមានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រនេះ តាមការប៉ាន់ស្មានគ្រោងចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារអាមេរិក ដែលការចំណាយជាមធ្យម ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រផងដែរ។
យោងតាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិន ដែលធ្លាប់បង្ហាញក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅ គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងបន្ទាយមានជ័យ៕EB