កម្ពុជា គ្រោងចំណាយថវិកាជិត ៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្រ និងទន្លេ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជិត៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្រ ទន្លេ ឬបឹងបួរ។
កងប្រតិបត្តិការរុករកនឹងសង្គ្រោះនេះនឹងជួយដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងការជួយក្នុងឧបទ្ទវហេតុនានា តួយ៉ាងដូចជាករណីលិចទូកបណ្ដាលអោយស្លាប់សិស្សសាលា១១នាក់កាលពីពេលកន្លងទៅជាដើម។
គម្រោងនៃការបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះលិចលង់ក្នុងសមុទ្រ ទន្លេ ឬបឹងបួរនេះ ដើម្បីបង្កើនសកម្មភាពប្រតិបត្តិការជួយសង្គ្រោះលើផ្ទៃទឹកឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ប្រាប់ក្រុមអ្នកព័ត៌មានក្នុងឱកាសអញ្ជើញប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងឯកឧត្តមបានសុំការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមចំណែកដោះស្រាយពង្រឹងកងប្រតិបត្តិការជួយសង្គ្រោះប្រជាជន។ រហូតដល់ពេលនេះ មានសប្បុរសជនបានចូលរួមយ៉ាងសកម្ម គឺបានជាង ២០ម៉ឺនដុល្លារហើយ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ថា « កងប្រតិបត្តិការថ្មីនេះ តាមគម្រោង ត្រូវការថវិការហូតដល់ជិត ៥០ម៉ឺនដុល្លារ ដើម្បីឱ្យកងពលអន្តរាគមន៍ នៃក្រសួងការពារជាតិ អាចទិញទូក និងសម្ភារៈបម្រើឱ្យការសង្គ្រោះបម្រើប្រជាពលរដ្ឋ និងជាសេនាធិការឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី»។
លោកទេសរដ្ឋមន្ត្រី លើកឡើងថា សម្រាប់កម្ពុជាស្ទើរជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទេសរដ្ឋមន្រ្តី បានបន្តថា ទោះជាយ៉ាងណារាជរដ្ឋាភិបាលបានផ្តល់អាទិភាពលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់ការបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា កងប្រតិបត្តិការរុករកលើផ្ទៃទឹក នាពេលបច្ចុប្បន្ននេះមានតែនៅកងទ័ពពិសេស៩១១ប៉ុណ្ណោះ។ ត្បិតតែសម្ភារៈ និងបច្ចេកទេសនៅខ្វះខាតនៅឡើយ ប៉ុន្តែកាលពីពេលកន្លងទៅកងប្រតិបត្តិការនេះ បានចុះជួយរុករកក្មេងដែលលិចទូកនៅស្រុកលើកដែក ខេត្តកណ្តាលផងដែរ៕