ភ្នំពេញ៖គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៤ខ្សែ ប្រវែង ៨២,៥៧៤ គីឡូម៉ែត្រ នៅក្រុងព្រះសីហនុចាក់បេតុង សម្រេចបានចំនួន ៩៩,៩២%។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា 

សម្រាប់ការដាក់លូសម្រេចបាន ១០០% រៀបខឿនថ្មក្រានីតបាន៥៩, ៩% រៀបកម្រាលថ្មក្រានីតបានចំនួន ៤,៤៨% ដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបានចំនួន ២៣៨៩ និងបំពាក់អំពូលភ្លើង ដែលប្រើបច្ចេកវិទ្យាវៃឆ្លាតសម្រេចបាន ១០,៤៥ % គម្រោងក៏បាននិងកំពុងរៀបចំកែលំអនៃបង្គោលភ្លើងដែលបានដាំរួចផងដែរ។ 

លើសពីនេះទៀត គម្រោងក៏បាននិងកំពុងរៀបចំឆ្នេរសមុទ្រឡើងវិញនិងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ដែលទី១នៅក្បែរសណ្ឋាគារ Sunshine Bay ដែលមានសមត្ថភាពច្រោះទឹក៥២០០ម៉ែត្រគូបក្នុងមួយថ្ងៃសម្រេចបាន២០%និងទី២នៅក្បែរសណ្ឋាគារសុខា មានសមត្ថភាពច្រោះ៧២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន១០ %។ 

ជាមួយគ្នានោះគម្រោងនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញានិងភ្លើងចរាចរណ៍ និងបំពាក់កាមេរ៉ាសុវត្តិភាព ព្រមទាំងសាងសង់ចំណតរថយន្តនិងបន្ទប់ទឹកសាធារណៈនៅតាមបណ្តោយឆ្នេរសមុទ្រផងដែរ។

សូមបញ្ជាក់ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលអនុវត្តដោយ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវបានធ្វើពិធីបើកការដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ 

គួររំលឹកថា គម្រោងនេះ នឹងចូលរួមអនុវត្តផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយ អនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណង ធ្វើឱ្យខេត្តព្រះសីហនុ ក្លាយទៅជាប៉ូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព តាមរយៈការ អភិវឌ្ឍទីក្រុងទំនើប មជ្ឈមណ្ឌល កំណើន ជាតិ និងការរៀបចំ ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង មជ្ឈមណ្ឌលភស្លុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ